ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣
ខេត្តកំពង់ស្ពឺ÷បើតាមប្រភពផ្តល់ព័ត៌មានមកថា ស្ថានីយ៍ជញ្ជីងថ្លឹងរយន្ត ផ្លូវជាតិលេខបួន(៤) ស្ថិរនៅក្នុងភូមិត្រពាំងព្រះ ឃុំកណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយកំពង់តែមានភាពមិនប្រក្រតី ចំពោះរថយន្តដឹកទំនិញតូចធំឆ្លងកាត់នៅស្ថានីយជញ្ជីងមួយកន្លែងខាងលើនោះ ដោយមានរថយន្តឡើងជញ្ជីងថ្លឹង តែត្រូវតៃកុងរថយន្តឈប់ហើយចុះទៅបង់លុយអោយខាងស្ថានីយ៍ជាបន្តបន្ទាប់។
ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីញកណ្តោលដុំ ក្រុងច្បារមន ផ្លូវជាតិលេខ០៤ខេត្តកំពង់ស្ពឺ ចូលរាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយកឈ្មោះលោក ស៊ូ សុទ្ធរា៉ មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តចុះពីលើរថយន្តដើរទៅបង់លុយតាមការកំណត់។
ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត កណ្តោលដុំ ផ្លូវជាតិលេខ០៤ មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តនោះទេ។
សូមរំលឹកផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅមានម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូលរួមគោរពអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជឹងចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួយគ្នានេះ ក៏នឹងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។
ឯកឧត្តម ក៏បានព្រមានដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា ការអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយ ថវិកាជាតិ ក្នុងការជួសជុលថែទាំ ផ្លូវថ្នល់នៅទូទាំងប្រទេស។
ជុំវិញនិងការចុះផ្សាយខាងលើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេ ព្រោះគ្មានលេខទំនាក់ទំនង ចំណែកលោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថន្ត កណ្តោលដុំ អង្គភាពយើងសុំកាស្រាយបំភ្លឺតាមរយះប្រពន្ធ័តេឡេក្រាម លោកឆ្លើយមកវិញថា(មកជួបខ្ញុំចាំខ្ញុំពន្យល់អោយលំអិតពីលក្ខណៈបច្ចេកទេស។ អរគុណ)ដោយសារអង្គភាពយើងខ្ញុំមានការងាររវល់ច្រើនមិនអាចទៅជូបលោកបានសូមសំណូមពរលោកស្រាយបំភ្លឺតាមតេឡេក្រាម តែលោកមិនឆ្លើយ។
មហាជនក៏ដូចប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមេត្តា ចាត់មន្ត្រីស្អាតស្អំចុះមកឃ្លាំមើលនិងត្រួតពិនិត្យមើលពីរសកម្មភាពប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ ជានិច្ចរៀងរាល់ម៉ោងធ្វើការកាលដែលអង្គភាពយើងខ្ញុំចុះផ្សាយគឺ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រិតនិងយុត្តិធម៌តែប៉ុណ្ណោះ៕