ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣
ឯកឧត្ដម ឆាយ សុផល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដី្រក្រសួងព័ត៌មាន អមដំណើរដោយ ឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ព្រមទាំងប្រធានសមាគមទាំង១៣ នៃសម្ព័ន្ធសមាគមសារព័ត៌មកម្ពុជា អញ្ជើញជាអធិបតីភាព បិទវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៥៦៧ នាក់ បានបញ្ចប់ការសិក្សារយៈពេល ២ថ្ងៃ ក្រោមប្រធានបទ ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ នៅអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា។
ថ្លៃងក្នុងមតិសំណេះសំណាលបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម ឆាយ សុផល ក៍បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ របស់ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន មកកាន់សិក្ខាកាមទាំង៥៦៧នាក់ផងដែរ។
ឯកឧត្តមបន្ដលើកឡើងថា នេះជាវគ្គបណ្ដុះបណ្ដាលដ៏ធំមួយ ដែលមានសិក្ខាកាមចូលរួមសិក្សាជាច្រើននាក់ និងមានការរៀបចំប្រកបដោយភាពល្អប្រសើរ និងសូមសរសើរដល់សមាគមដែលមានគំនិតផ្ដួចផ្ដើមរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។
ឯកឧត្ដមមានប្រសាសន៍ថា នៅពេលមហាជនរិះគន់លើអត្ថបទសរសេរ និងការផ្សាយរបស់ខ្លួន អ្នកសារព័ត៌មានត្រូវធ្វើការត្រួតពិនិត្យលើអត្ថបទដែលបានសរសេរនោះ ប្រសិនបើមានកំហុស ត្រូវចេះកែតម្រូវ និងសុំទោស ហើយមិនត្រូវបន្ដឱ្យរឿងសរសេរខុសកើតឡើងជាដដែលៗនោះទេ។
ឯកឧត្ដមបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវពង្រឹងលើសីលធម៌បុគ្គលជាមុន និងបន្ដខិតខំយ៉ាងណាអោយខ្លួនមានក្រមសីលធម៌សម្រាប់វិជ្ជាជីវៈបន្ថែមទៀត។ ជាងនេះទៅទៀតអ្នកសារព័ត៌មានគប្បីត្រូវអានសៀវភៅឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាព និងពុទ្ធិ លើការសរសេរព័ត៌មានកម្រិតខ្ពស់។
ឯកឧត្ដមបានណែនាំដល់សិក្ខាកាមថា អ្នកសារព័ត៌មានគួរមានបណ្ណាល័យតូចមួយនៅផ្ទះ ឬ នៅកន្លែងធ្វើការ ដើម្បីរក្សាបាននូវស្មារតីនិពន្ធ ឬ សរសេរព័ត៌មានប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាល លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានរៀបរាប់ប្រាប់ថា សមាគមបានរៀបចំវគ្គបណ្ដុះបណ្ដាលជូនអ្នកសារព័ត៌មាន និងអ្នកស្រឡាញ់ចូលចិត្ដវិស័យព័ត៌មាន បានចំនួន២លើកមកហើយ ហើយនេះជាលើកទី២ ដែលមានចំនួនសិក្ខាកាមចូលសិក្សា ៥៦៧ នាក់ មានស្រី្ដ ៨២នាក់ ក៏មានស្រី្ដជាជនជាតិជប៉ុនម្នាក់ផងដែរ។
លោកបណ្ឌិត បានបន្ដថា ការៀចំវគ្គបណ្ដុះបណ្ដាលទាំង ២វគ្គ គឺមានចំនួនសិក្ខាកាមចូលរួមសិក្សាសរុបជិត ១០០០នាក់ហើយ ដែលទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗលើវិស័យព័ត៌មាន។ គ្រប់វគ្គដែលសមាគមបានរៀបចំឡើងសុទ្ធសឹងតែទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ជាពិសេស វគ្គបណ្ដុះបណ្ដាលនីមួយៗ តែងតែទទួលបាននូវការគាំទ្រជាស្មារតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធិពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា គ្រប់សកម្មភាពបណ្ដុះបណ្ដាលគឺមានការយកចិត្ដទុកដាក់ពីសំណាក់ក្រសួងព័ត៌មាន ជាពិសេស ឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមណ្ឌលព័ត៌មាន ជានិច្ចកាល ឯកឧត្ដម តែងតែចូលរួមសម្របសម្រួល និងដឹកនាំ ចង្អុលបង្ហាញលើការរៀបចំវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាម។ ហើយរយៈពេល២ថ្ងៃ នៃវគ្គសិក្សានេះ ឯកឧត្ដមសាស្ដ្រាចារ្យ មឿន ឈានណារិទ្ធ ជាគ្រូបណ្ដុះបណ្ដាលផ្ទាល់ លើមេរៀន ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ ព្រមទាំងមានគ្រូឧទ្ទេស និងវាគ្មិនជាច្រើននាក់ផងដែរ។
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគម សូមធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានយកចិត្ដទុកដាក់ ត្រង់ត្រាប ស្ដាប់ និងព្យាមយាមសិក្សាក្រេបយកចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងអំឡុងពេល២ថ្ងៃកន្លងមក និងជាពិសេសលោកបណ្ឌិតក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលតែងតែគាំទ្រ ឧបត្ថម្ភ លើការរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកសារព័ត៌មាន។