ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣នេះ។
តាមលិខិតនោះ មានខ្លឹមសារថា សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលមានទឹកចិត្តមេត្តាករុណា សណ្តោសប្រណី ទទួលយកសំណូមពររបស់សមាគម និងទទួលយកការសុំអភ័យទោសពី លោក ទិត្យ សេងហាក់ ចាងហ្វាងគេហទំព័រ www.senghaknews.net ដែលបានចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធបទល្មើសនេសាទក្នុងខេត្តកំពង់ឆ្នាំងកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ លោកឧត្តមសេនីយ៍ទោស្នងការ តែពេលនេះ លោកចាងហ្វាងបានធ្វើលិខិតសុំទោស និងប្តេជ្ញាចិត្តកែប្រែកំហុសឆ្គង ចូលរួមផ្សព្វផ្សាយព័ត៌មានដើម្បីអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រ និងកោតសរសើនូវស្នាដៃរបស់ លោកឧត្តមសេនីយ៍ទោស្នងការ ក្នុងការដឹកនាំកម្លាំង បង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា និងជោគជ័យជាបន្តបន្ទាប់ដែលទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន។
សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោស្នងការ សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសមប្រកបដោយ ព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាតឡើយ។