ខេត្តកំពង់ស្ពឺ៖ ការដឹកជញ្ជូនបទល្មើសព្រៃឈើនៅតែកើតឡើងជារៀងរាល់ថ្ងៃ ខណៈដែលសមត្ថកិច្ចនៅតាមដងផ្លូវហាក់បីដូចគ្មានចំណាត់ការទាល់តែសោះ បើទោះបីជាមានការរាយការណ៍ក៏ដោយ។
ជាក់ស្តែកាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥ទៅលេខ២៦ ស្ថិតនៅក្នុងភូមិអូរទឹកអន្ទង់ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មានរថយន្តមួយគ្រឿងស៊េរីចាស់ម៉ាកតូពេជ្រ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ2H-7662 ដែលគេស្គាល់ច្បាស់ថា ជារថយន្តដឹកឈើពេញប្រៀបដែលម្ចាស់មានឈ្មោះ យាយធូ អាយុជាង៥០ឆ្នាំ ជាមេឈ្មួញល្បីឈ្មោះប្រចាំតំបន់ជាំ រស់នៅក្នុងភូមិពុទ្រ្ទា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមេឈ្មួញរូបនោះមិនចេញមុខនោះទេ បានឱ្យតៃកុងរថយន្តនិងមនុស្សម្នាក់ទៀតជាអ្នកបើក។
បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ដឹកជញ្ជូនឈើរបស់មេឈ្មួញយាយធូរូបនោះ ដឹកចេញពីតំបន់ជាំ ឆ្លងកាត់ស្នាក់ការរងបរិស្ថានទេទឹកពុះ ដែលមានលោក កង ញឹប ជាប្រធានស្នាក់ការ ហើយឆ្លងកាត់កុងត្រូលជជុះរបស់នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ម្តុំតាក្រាំង ហើយនិង ឆ្លងកាត់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលមានលោក ហ៊ុល ម៉ារ៉ា ជាប្រធានការិយាល័យដែនស្រាប់(ស្នាក់ការធំ) និងឆ្លងកាត់ ស្នាក់ការមេព្រៃផ្នែកឱរ៉ាល់ ដែលមានលោកតាំង ចាន់សែម៉ា ជានាយផ្នែក នៅមានស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន និងជាច្រើនអង្គភាពទៀតផង។ ក្រោយពីទទួលបានព័ត៌មាននិងការរាយការណ៍ពីបណ្តាញរួចមក អ្នកសារព័ត៌មានបានរាយការណ៍ទៅអស់លោកសមត្ថកិច្ចមាន មេព្រៃ នគរបាលសេដ្ឋកិច្ចខេត្ត និងអាវុធហត្ថស្រុកសំរោងទងដើម្បីចុះបង្ក្រាបរថយន្តដឹកឈើពេញមួយរថយន្តនោះ ស្រាប់តែអស់លោកនិយាយតបមកវិញថា មិនមានកម្លាំងគ្រប់គ្រាន់នោះទេ ខណៈដែលតៃកុងរថយន្តដឹកបទល្មើសព្រៃឈើរូបនោះ បាននិយាយក្តែងៗថា គ្មានសមត្ថកិច្ចហ៊ានចាប់បង្ក្រាបរថយន្តដឹកឈើរបស់គេនោះទេ ក៏ព្រោះតែ មេគេ(យាយធូ)បានបង់លុយឱ្យគ្រប់ជំនាញរួចរាល់អស់ហើយ។ គឺអាវុធហត្ថលើផ្ទៃប្រទេស ដែលជិះរថយន្តហាយឡែនឌ័រស៊េរីទំនើប ពាក់ផ្លាកលេខ1641 ដែលគេស្គាល់ថាឈ្មោះ ចំណាប់នោះ យាយធូ បង់៤០ម៉ឺនរៀលក្នុងមួយរថយន្ត ហើយសមត្ថកិច្ចផ្សេងៗទៀត ក៏បង់រួចរាល់ហើយដែរ លើកលែងតែស្ថាប័ន គ្រូពេទ្យ គ្រូបង្រៀន និងអាចារ្យវត្តទើបមិនបង់ឲ្យ។
តៃកុងរថយន្តដឹកឈើមេឈ្មួញឈ្មោះយាយធូ បាននិយាយបន្តទៀតថា បានជាយាយធូ ហ៊ានដឹកឈើមកទាំងថ្ងៃបែបនេះ គឺបង់លុយគ្រប់ជំនាញអស់ហើយ មិនមានការព្រួយបារម្ភ គេចាប់បង្ក្រាបនោះទេ សំខាន់ឱ្យតែមានឈើដឹករាល់ថ្ងៃទៅបានហើយ។ ការដែលបទល្មើសព្រៃឈើចរាចរណ៍រាល់ថ្ងៃយប់បែបនេះ វាផ្ទុយស្រឡះពីអនុសាសន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលកន្លងមកលោកអះអាងថា នៅក្នុងខេត្តរបស់លោកមិនមែនសម្រាប់ឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនោះឡើយ! ឬមួយក៏លោកបានត្រឹមតែមានប្រសាសន៍ ហើយថ្នាក់ក្រោមមិនរាយការណ៍ទៅលោកអភិបាលខេត្តទេដឹង ទើបបទល្មើសដឹកជញ្ជូនឈើហាក់បីដូចជាផ្គើនប្រសាសន៍លោកទៅវិញ។
បើតាមការបង្ហើប មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ យាយធូ នេះមានរថយន្តដឹកឈើចំនួន០៣គ្រឿងឯណ្ណោះ ដឹកជញ្ជូនរាល់យប់ថ្ងៃផ្លាស់ប្តូរគ្នា សំខាន់ឱ្យតែមានឈើ យាយធូ បានដឹកឈើចេញពីតំបន់ជាំ យកមកដាក់នៅតាមដេបូឈើ ម្តុំថ្នល់កែងអូរគរគី ដេបូនៅក្នុងខេត្តកំពង់ស្ពឺ និងឆ្ពោះទៅដេបូស្រុកបសេដ្ឋ មិនដែលឃើញមានសមត្ថកុច្ចឬស្ថាប័ន និងជំនាញណាចាប់បង្ក្រាប រថយន្តទាំង០៣គ្រឿងរបស់មេឈ្មួញល្បីឈ្មោះ យាយធូ នេះបានម្តងណាឡើយ សង្ស័យសមត្ថកិច្ចនិងជំនាញនៅតាមដងផ្លូវ និងនៅស្រុកឱរ៉ាល់ ស្រុកសំរោងទង ក្រុងច្បារមន ស្រុកបសេដ្ឋ និងខេត្តកំពង់ស្ពឺទាំងអស់ ត្រូវថ្នាំសណ្តំរបស់ យាយធូ អស់ហើយទើបមិនចាប់បង្ក្រាបបែបនេះនោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពពន្ធ័នៅតាមដងផ្លូវជានិច្ចរាងរាល់ម៉ោងធ្វើរការ បើអស់លោកយល់ថាការលើកឡើងរបស់មេឈ្មួញឈើខាងមិនពិត គឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕