សៀមរាប ៖ ថ្លែងបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែមេសា ម្សិលមិញនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្រើនរំឭក ដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រម សីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះ ការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្រមសីលធម៌មានសារៈសំខាន់ វាមិនមែនមាន លក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុង បាឡុងគឺ៖
ទី១. រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថា យើងមានវិជ្ជាជីវៈ ត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ,
ទី២. វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តទៀតថា ការប្រើប្រាស់ភាសាថ្លៃថ្នូររបស់អ្នក សារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឱ្យដឹងពីកម្រិត សិក្សាអប់រំការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម។ ដូច្នេះក្រម សីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ ធ្វើជាអ្នកសារព័ត៌មាន យើងត្រូវធ្វើការងារ ដោយក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឱ្យបានត្រូវ និយាយ និងគោរពមនុស្សទាំង អស់នៅក្នុងសង្គមដូចគ្នា។
ឯកឧត្តមបន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់ នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណា ដែលបានកើតមានឡើងនៅក្នុងសង្គម។ ប៉ុន្តែ សម្រាប់ ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មានរបស់អ្នក សារព័ត៌មានផងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យដឹងទៀតថា ការផ្សព្វផ្សាយព័ត៌មាន ដែលប្រកប ដោយវិជ្ជាជីវៈត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មាន ទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយផ្សព្វផ្សាយនោះទេ។ ក៏ប៉ុន្តែរាល់ព័ត៌មានដែល បានធ្វើការផ្សព្វផ្សាយ និងមានការប៉ះពាល់ ហើយបានកែតម្រូវឡើងវិញនោះ ក៏ត្រូវធ្វើការ ផ្សាយឡើងវិញផងដែរ ក្នុងការបញ្ជាក់ពីក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងថា យោងតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនេះ មន្ទីរ បានរៀបចំជាវគ្គ បណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានជាប្រចាំ ដើម្បីបង្កើន សមត្ថភាព និងការទំនាក់ទំនងឱ្យមានភាពជិតស្និទ្ធងាយស្រួលនៅ ក្នុងការបំពេញការងារ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តីក៏នៅមានតាមបណ្តាមន្ទីរ អង្គភាព ស្ថាប័នមួយចំនួន ហាក់បី ដូចជាមានភាពយឺតយ៉ាវក្នុងការឆ្លើយតប ជាមួយអ្នកសារព័ត៌មានផងដែរ។
សូមជម្រាបថា កាលពីពេលកន្លងទៅនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន សម្តេចតេ ជោនាយករដ្ឋមន្ត្រី បានជំរុញដល់តាមបណ្តាអង្គភាព ស្ថាប័ននានា និងអ្នកសារព័ត៌មាន ត្រូវរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយត្រូវផ្សព្វផ្សាយនូវព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ៕