ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៧គ្រួសារ មកពីភូមិចំនួន១៨លើ ឃុំចំនួន៨ នៃស្រុកសង្កែ ក្នុងនោះគ្រួសារ (រលំទាំងស្រុង២ខ្នង និងរបើកដំបូល៥៥ខ្នង) ដែលរងគ្រោះកន្លងទៅ នៅស្រុកសង្កែ។
នាឱកាសនោះដែរ លោក សុខ លូ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ បើទោះបីសម្ដេចមិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែងដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការរងគ្រោះ។
លោកអភិបាលខេត្ត បានសំដែងនូវការសោកស្ដាយ អាណិតអាសូរជាពន់ពេកចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោក សុខ លូ ក៏បានបន្ថែមថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕