ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្ន ចំពោះជនអនាមិកមួយចំនួន ដែលយកឈ្មោះ និងរូបរបស់លោក ទៅបង្កើតហ្វេសប៊ុកក្លែងក្លាយក្នុងគោលបំណងណាមួយ។
តាមរយៈបណ្តាញសង្គម លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញអំពីគណនីក្លែងក្លាយដែលបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ហើយបង្ហាញគណនីផ្លូវការពិតប្រាកដរបស់លោក ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំ។
លោកបានលើកឡើងដូច្នេះថា៖ «សេចក្តីជូនដំណឹងសូមបងប្អូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា មានជនអនាមឹកបានបន្តក្លែងបន្លំដោយបង្កេីតគណនីក្លែងក្លាយ និងបានផ្ញេីសារទៅបងប្អូនពូមីង តាយាយក្នុងគោលបំណងណាមួយ។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កេីតគណនីក្លែងក្លាយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំដេីម្បីផ្ញេីសារ ឬធ្វេីសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ»៕