ភ្នំពេញ៖ថ្ងៃចន្ទទី០១ខែឧសភា ឆ្នាំ២០២៣
តើលោកផ្កាយ៣ ទូច ពលៈ ជាអ្នកណា? ហ៊ានម្ល៉េះ នៅតែប្រហើនបន្ដបើកដៃឱ្យក្រុមអ្នករកស៊ីទុច្ចរិតវៀតណាម ចូលនេសាទខុសច្បាប់ដោយគឃ្លើនបែបនេះ? ។
ប្រភពពីប្រជាពលរដ្ឋខ្មែរ ជាអ្នកនេសាទច្រើនគ្រួសាររស់នៅស្រុកគីរីសាគរ ខេត្ដកោះកុង និងប្រជាសហគមន៍នេសាទ នៅត្រពាំងរពៅ ខេត្ដកំពត ហួសចិត្ដជាពន់ពេកស្រែកយំដោយសារ លោកផ្កាយ៣ ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ប្រើក្បាច់កន្ទេធំបន្លំដេក នៅតែបន្ដប្រព្រឹត្ដិអំពើពុករលួយជាប្រព័ន្ធ ដោយគ្មានខ្លាចញញើតច្បាប់អីបន្ដិចសោះ បណ្ដោយឱ្យទូកនេសាទជនជាតិវៀតណាមជាច្រើនគ្រឿងប្រើប្រាស់ឧបករណ៍ខុសច្បាស់ ចូលនេសាទក្នុងដែនសមុទ្រកម្ពុជាដោយសេរី និងគ្មានការបង្ក្រាប់អ្វីបន្ដិចសោះ។
តាមប្រភពពីពលរដ្ឋខ្មែរបានបន្ថែមទៀតថា មូលហេតុដែលលោកផ្កាយ៣ ទូច ពលៈ ព្រមបណ្ដោយបែបនេះ ព្រោះលោកទទួលបានលាភសក្ការៈជាច្រើនពីបទល្មើសនេសាទ តាមរយៈជនជាតិវៀតណាម បានបង់លុយឱ្យទៅប្រពន្ធរបស់លោក ទូច ពលៈ និងឈ្មោះ ឆាយ សុវណ្ណ ហៅស្នា ដែលជាដៃស្ដាំ ហើយចំនួនទឹកប្រាក់ដែលជនជាតិវៀតត្រូវបង់ឱ្យទៅ លោកអធិរាជសមុទ្រផ្កាយ៣នោះ ក្នុងមួយទូកយ៉ាងតិច ៤០០០ ទៅ ៥០០០ ដុល្លាអាមេរិក ជាថ្នូរនឹងការចូលនេសាទខុសច្បាប់។
តើវាសនាមច្ឆាជាតិក្នុងដែនសមុទ្រកម្ពុជាទៅជាយ៉ាងណា បើទូកនេសាទវៀតណាមប្រើប្រាស់សុទ្ធតែឧបករណ៍ដែលច្បាប់ហាមឃាត់ ដូចជា ការឆក់ អួនព័ទ្ធភ្លើង ទូកអូសគូរជាដើម។ នេះសុទ្ធសឹងតែជាការបំផ្លិចផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលបង្ករឱ្យបាត់បង់ពូជមច្ឆាសមុទ្រក្នុងកម្រិតទ្រុងទ្រាយធំ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រៅពីលោកផ្កាយ៣ ទូច ពលៈ ប្រព្រឹត្ដអំពើពុករលួយលើផលនេសាទហើយ លោកក៏បើកដៃឱ្យប្រពន្ធ និងក្រុមពីរនាក់ប្ដីប្រពន្ធ ឈ្មោះ វៀង ថាន់ទៀង ជាប្ដី និងឈ្មោះ ម៉ី ជាប្រពន្ធ នាំចូល និងនាំចេញនូវទំនិញគេចពន្ធ ដូចជាប្រេងឥន្ទនៈ បារី គ្រឿងសមុទ្រគ្មានគុណភាពផងដែរ ហើយពីនាក់ប្ដីប្រពន្ធជនជាតិវៀតណាមខាងលើនេះ ជាមេខ្យល់ ដែលបាននាំយក ទូកនេសាទវៀតណាម ខុសច្បាប់ចូលក្នុងព្រំដែនសមុទ្រខ្មែរបានសួ្រលៗ ដោយអាងលោកផ្កាយ៣ ទូច ពលៈ ជាខ្នងបង្អែកធំ។ នេះជាការរៀបរៀងស៊ីជាប្រព័ន្ធ មិនលាន់លឺដល់ថ្នាក់លើ សន្ងំស្ងាត់ឈឹងគ្មានអ្នកណាហ៊ានក្អកនោះទេ។ បើកូនចៅណាហ៊ាននិយាយ នោះអធិរាជសមុទ្រនឹងមិនទុកមុខឡើយ។
ប្រជានេសាទខ្មែរម្នាក់បានរអូរទាំថា នៅពេលទូកខ្មែរចេញទៅនេសាទលើទឹកដីរបស់ខ្លួនឯងសោះ បែរជាពួកវៀតណាមហាមឃាត់ ព្រមទាំងប្ដឹងទៅលោក ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ឱ្យចាប់ទូកនេសាទខ្មែរទៅវិញ នេះពិតជាអំពើគ្មានយុត្ដិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ មាត់ថាស្រឡាញ់ខ្មែរ ការពារខ្មែរ ប៉ុន្ដែទង្វើរផ្ទុយពីពាក្យដែលបាននិយាយ ធ្វើឱ្យប្រជាពលអស់ទំនុកចិត្ដលើមន្ដ្រីនគរបាលព្រំដែនទឹកតទៅទៀតហើយ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកគីរីសាគរខេត្ដកោះកុង និងខេត្ដកំពត ទទូចស្នើសុំយំអង្វរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាលជាតិមេត្ដាពិនិត្យ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបនូវជីវភាពខ្វះខាតលើកមុខរបរនេសាទផង។
តើប្រជានេសាទខ្មែររំពឹងអ្វីទៀត បើអ្នកធំ ផ្កាយច្រើន លេងសុទ្ធតែក្បាច់កន្ទេរធំបន្លំដេក បំបាំងភ្នែកថ្នាក់លើ រាយការណ៍កុហក់គ្មានអៀនខ្មាស់ និងគ្មានការពិតជូនថ្នាក់ដឹកនាំប្រទេស ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី។(នៅមានត)
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងសមុីខ្លួន រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!