- ពោធិ៍សាត់៖ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករបាននាំគ្នាចូលរួមទស្សនា និងលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដែលប្រកួតជាមួយក្រុមហ្វីលីពីន តាមរយៈការទស្សនាលើកញ្ចក់ទូរទស្សន៍ LED ជិតស្ពានថ្មថ្មី មុខសាលាខេត្ត ផ្ទាំងស្លាយនៅលើបុរីវប្បធម៌កោះសំពៅមាស និងសួន១៤មករា ជាប់ផ្លូវលេខ១០១ នារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
គេសង្គេតឃើញមានវត្តមានរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ក៏បានចូលរួមទស្សនាផងដែរ។
សូមជម្រាបថា នាវេលាម៉ោ ៧យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ មានការប្រកួតរវាងហ្វីលីពីន និងកម្ពុជា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា បានត្រឹមស្មើជាមួយហ្វីលីពីន ១-១ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃប្រកួតទី២ សម្រាប់ពូល A តាមរយៈលទ្ធផលនេះក្រុមកម្ពុជា រកបានត្រឹម៤ពិន្ទុ បន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ស្ថិតក្នុងការប្រកួតវគ្គទី១ ក្រុមកម្ពុជារកបាន១គ្រាប់ដោយកីឡាករ គី រីណា នាទី២៦ និងក្រុមហ្វីលីពីន ដោយកីឡាករ Carino នៅនាទី៩០+២ នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A សម្រាប់ក្រុមទាំងពីរ។ តាមរយៈលទ្ធផលនេះឃើញថា ក្រុម U22 កម្ពុជានៅតែបន្តឈរកំពូលតារាង ក្រោយរកបាន៤ពិន្ទុជាបណ្តោះអាសន្ន ក្រោយយកឈ្នះទីម័រខាងកើត និងស្មើជាមួយហ្វីលីពីន៕