សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំផ្សាយបន្តផ្ទាល់តាមរយៈផ្ទាំង LED នៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានប្រជាពលរដ្ឋចូលរួមជាង៥,០០០នាក់ ក្នុងជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វីលីពីន នារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
ដោយឡែក នៅតាមបណ្តាស្រុកទាំង១១ និងនៅតំបន់ផាប់ស្ត្រីត ក៏មានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។
ក្នុងការទស្សនាការផ្សាយបន្តផ្ទាល់នេះ ក៏មានការចូលរួមទស្សនាផងដែរពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។
ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់បានសម្ដែងអំណរអរគុណដល់រដ្ឋបាលខេត្តសៀមរាប ដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំដាក់ផ្ទាំង LED ដើម្បីឱ្យពួកគាត់បានទស្សនាជុំគ្នាយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ និងស្រែកហ៊ោនៅពេលក្រុមកីឡាករជម្រើសជាតិកម្ពុជាទាត់បាល់បញ្ចូលទីរបស់ក្រុមជម្រើសជាតិហ្វីលីពីននៅតង់ទី១។
សូមបញ្ជាក់ថា ចប់ការប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំបានត្រឹមស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល១ទល់នឹង១ ក្នុងការប្រកួតសន្សំពិន្ទុពូល A វិញ្ញាសាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២៕