(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៥៣គ្រួសារ នៅឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។
លោក វ៉ី សំណាង បានឱ្យដឹងថា ថ្វីដ្បិតអំណោយមនុស្សធម៌នេះមានចំនួនតិចតួចក្តី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋរងគ្រោះបានមួយគ្រា ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះធ្ងន់ រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ នំធុង១ធុង ប្រេងឆា១ដប ទឹកត្រីទឹកស៉ីអ៉ីវ១យួរ តង់១ឃីត១កញ្ចប់ និងថវិកា១០០,០០០រៀល។
ចំពោះគ្រួសាររងគ្រោះមធ្យមទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ នំធុង១ធុង,ប្រេងឆា១ដប ទឹកត្រីទឹកស៉ីអ៉ីវ១យួរ និងថវិកា៥០,០០០រៀល។
ចំពោះគ្រួសាររងគ្រោះស្រាលទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ នំធុង១ធុង ប្រេងឆា១ដប ទឹកត្រីទឹកស៉ីអ៉ីវ១យួរ និងថវិកា៣០,០០០រៀល៕