ពោធិ៍សាត់៖ ស្ត្រីម្នាក់ដែលគេតែងតែឃើញស្លៀកពាក់សមសួន បន្លំធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីនិងដើបោកពលរដ្ឋនៅខេត្តពោធិ៍សាត់នោះឥឡូវត្រូវបានសមត្ថកិច្ចចាប់ចាត់ការតាមនីតិវិធីរួចរាល់ហើយបន្ទាប់ពីបែកការត្រឹមអភិបាលខេត្តថ្មីឈ្លាសវៃមានការសង្ស័យ។
ការចាប់ខ្លួនជំទាវត្បែងអាយរូបនោះធ្វើឡើងនៅថ្ងៃទី 3 ខែឧសភាឆ្នាំ 2023 ក្នុងក្រុងពោធិ៍សាត់។ ក្រោមកិច្ចចង្អុលការពីរឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្រោមកិច្ចសម្របសម្រួលពីឯកឧត្តមកូយកាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
លោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហុីមមុំ អាយុ 53 ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាលនិងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ 24 ផ្លូវលេខ 108 ភូមិ 18 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញ។ ជននេះត្រូវបានលោកឡុញច័ន្ចចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ 245 ចុះថ្ងៃទី 4 ខែឧសភាឆ្នាំ 2023 នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុងខែកក្កដាឆ្នាំ 2021កន្លងទៅ។ ដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន 17,700 ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋ ខ្លះទៀតអស់ចំនួន18,000 ដុល្លារ 15.000 ដុល្លារ ដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី5ទៅ6លានរៀលផងដែរ។
បើតាមប្រភពពីអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីជាប់ឃុំខាងលើចូលរួមអង្គុយជាកិត្តិយសនិងថតរូបស្ទើរគ្រប់កម្មពិធីទាំងអស់ដោយហៅថាជាលោកជំទាវ ៗចាប់តាំងពីជំនន់ឯកឧត្តមម៉ៅធនិនជាចៅហ្វាយខេត្តពោធិ៍សាត់មកម្ល៉េះដែលគ្មាននណាម្នាក់ចាប់អារម្មណ៍ថាជាជំទាវត្បែងអាយបន្លំខ្លួនដើម្បីបង្ហាញអោយគេឃើញថាខ្លួនអស្ចារ្យធ្វើឱ្យពលរដ្ឋមានទំនុកចិត្តចាញ់បោកលុយអស់រាប់សិបម៉ឺនដុល្លារ។
ទើបបែកការត្រឹមឯកឧត្តមខូយរីដាអភិបាលខេត្តថ្មីចាប់អារម្មណ៍ មានការសង្ស័យ ដាក់ផែនការឲ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចស៊ើបអង្កេតលេចធ្លាយចេញជាករណីឆបោកប្រជាពលរដ្ឋនិងមានបណ្ដឹងចាប់ខ្លួនធ្វើតាមនីតិវិធីតែម្ដង៕