បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គភាពទាំង៣មាន កំលាំងអាវុធហត្ថ ស្នងការនគរបាលខេត្ត និងកំលាំងយោធា ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់បាន នាថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៣នេះ បានចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីនេះបានធ្វើឡើងក្រោយវត្តមាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកស្រី ជ័យ ណារី អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ព្រះមេគណមហានិកាយខេត្ត ធុល សុធា ព្រះមេគណខេត្ត ព្រះតេជគុណ ណាប់ ម៉ឺន បាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តគិរីជុំចំការខ្នុរ លោកបៀវ ថាន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត ព្រមទាំងពុទ្ធបរិស័ទ ជាច្រើនរយនាក់។
ក្នុងពិធីបុណ្យនោះ លោក អ៊ុំ រាត្រី បានធ្វើពិធីហែក្បួនរថយន្ត និងមធ្យោបាយនានា ដែលមានតាំងព្រះពុទ្ធ ទ្រង់ ប្រសូត្រ ព្រះពុទ្ធត្រាស់ដឹងនិងព្រះពុទ្ធចូលបរិនិពាន បានធ្វើដំណើរលើផ្លូវសំខាន់ៗក្នុងក្រុងសិរីសោភ័ណ រួចទៅជួបជុំគ្នាប្រារព្ធពិធីនៅវត្តគិរីជុំចំការខ្នុរតែម្តង។
ព្រះតេជគុណ ណាប់ ម៉ឺន បានមានសង្ឃដីកាថា បុណ្យវិសាខបូជានេះគឺ ជាបុណ្យដ៏មានសារៈសំខាន់ណាស់ក្នុងវិស័យ ព្រះពុទ្ធសាសនាដែលរួមមានព្រឹត្តិការណ៍ ព្រះសម្មាសម្ពុទ្ធចំនួន ៣ធំៗ ដូចជាទី១៖ ថ្ងៃ ១៥កើតខែវិសាខ ឆ្នាំច មុនព.ស ៨០ ឆ្នាំ ព្រះអង្គទ្រង់ប្រសូត្រទី២៖ ថ្ងៃដដែលនោះ ឆ្នាំរកា មុនព.ស ៤៥ឆ្នាំទ្រង់បានត្រាស់ដឹងនិង ទី៣៖ ថ្ងៃដដែលនោះ ឆ្នាំម្សាញ់មុន ព.ស ១ឆ្នាំទ្រង់បានរំលត់ខន្ធចូលបរិនិពាន។
នាឱកាសនោះដែរលោក អ៊ុំ រាត្រី បានឱ្យដឹងថា ថ្ងៃបុណ្យវិសាខបូជានេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់នៃព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទទូទាំងប្រទេស ប្រទេសណាដែលមានប្រជាជាតិកាន់ ព្រះពុទ្ធសាសនា ក៏សំខាន់ណាស់ដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរួមគ្នាលើកតម្កើង លើកកម្ពស់ ជំនឿលើព្រះសាសនា ត្រូវពង្រឹងខាងពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ការរីកចម្រើនជាមួយគ្នាផងដែរ។
លោក អ៊ុំ រាត្រី បានសួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់ប្រជាពលរដ្ឋខ្មែរទាំងមូលជួបតែ សេចក្ដីសុខ សន្តិភាព និងជៀស ផុតពីជំងឺ រេាគាទាំងឡាយ ដែលកំពុងតែរាតត្បាតសព្វថ្ងៃនេះដូចជា គឺជំងឺកូវីដ១៩៕