ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត ក្នុងប្រទេសកម្ពុជា បានសម្រុកមកទទួល យកសំបុត្របាល់ទាត់ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំកពិក នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ។
នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ប្រជាពលរដ្ឋដែលមករង់ចាំទទួល យកសំបុត្រ បានឱ្យដឹងថា ពួកគាត់មកយកសំបុត្របាល់ទាត់នេះ គឺក្រោកតាំងពីម៉ោង២ទៀប ភ្លឺមកម៉្លេះ ដោយធ្វើដំណើរមកពហុកកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរង់ចាំទទួលយកសំបុត្រ ចូលទស្សនា។ ពួកគាត់ពិតជារំភើបខ្លាំងណាស់ ចំពោះការផ្តល់សំបុត្រ ដោយឥតគិតថ្លៃ ដើម្បីចូលទស្សនា និងបានគាំទ្របាល់ទាត់កម្ពុជាប៉ះ ប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពូលអេ។ បើទោះបី ពួកគេត្រូវ ក្រោកពីម៉ោង២ មករង់ចាំទទួលយកសំបុត្រក៏សប្បាយចិត្ត ក្នុងនាមប្រជាពលរដ្ឋម្ចាស់ផ្ទះ និងជាអ្នកគាំទ្រ ពួកគេបានជូនពរឱ្យក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជាឈ្នះឡើងទៅវគ្គបន្ត ដើម្បីឈានដល់ការប្រជែងដណ្តើមមេដាយជូនជាតិ។
សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ប្រភេទកីឡាបាល់ទាត់ ដែលត្រូវប្រកួតនៅថ្ងៃទី០៧ ខែឧសភាស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះក្រុម បាល់ទាត់ជម្រើសជាតិប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពិន្ទុក្នុងពូលអេ ប្រសិនបើកម្ពុជា ឈ្នះមីយ៉ាន់ម៉ា បានឡើងទៅវគ្គខ្វែងពូលតែម្តង បើទោះបីសល់មួយប្រកួត ប៉ះជាមួយក្រុម បាល់ទាត់ជម្រើស ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះក៏ដោយ។
សូមបញ្ជាក់ថា សំបុត្រដែលចែកជូនបងប្អូន ប្រជាពលរដ្ឋអ្នកគាំទ្របាល់ទាត់កម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ មានចំនួន ២ ២៥០០ សន្លឹកហើយ៕ដោយ សួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល