កំពង់ស្ពឺ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយក្រុមការងារគណបក្សចុះជួយស្រុក និងឃុំ និងគណៈកម្មាធិការបក្សស្រុកគងពិសី ដោយទទួលដំណឹងពីមរណភាពរបស់ឧបាសក ឌួង សយ ប្រធានគណៈកម្មាធិការគណបក្សឃុំព្រៃវិហារ និងមេឃុំព្រៃវិហាររួចមក លោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធនៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ហ៊ុន ម៉ានី ចូលរួមសោកស្តាយ ចំពោះការទទួលមរណភាពរបស់ឧបាសក ឌួង សយ ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ការបាត់បង់នូវមន្រ្តីគណបក្ស និងមេឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកន្លងមកឧបាសក ឌួយ សយ បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង ការពារ អភិវឌ្ឍន៍ ភូមិឃុំ និងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិតាមរយៈគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានបក្ស។
សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារគណបក្សចុះជួយស្រុក និងឃុំ និង គណៈកម្មាធិការបក្សស្រុកបរសេដ្ឋ និងស្រុកគងពិសី ពេញមួយថ្ងៃ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣៕