ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។
ជំនួបនេះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
អគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់ បានថ្លែងអំណរគុណអភិបាលខេត្ត ដែលកន្លងមកតែងតែផ្តល់នូវការកៀរគរគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលកន្លងទៅនេះ។
ទន្ទឹមនោះក្រុមហ៊ុនបាននិងកំពុងបន្តពង្រីកវិសាលភាពក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីវិស័យឧស្សាហកម្មនាំចេញទៅក្រៅប្រទេស ក៏ដូចជាផ្តល់ការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋដែលមកបំពេញ ការងារក្នុងរោងចក្រនេះ។
លោកអភិបាលខេត្ត បានសម្ដែងការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់ រួមទាំងក្រុមហ៊ុនដៃគូផ្សេងៗទៀត ដែលបានមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ក៏ដូចជាតំបន់នានាទៀត ក្នុងខេត្តស្វាយរៀងយើង។
លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគនានាមកបណ្តាក់ទុននៅខេត្តស្វាយរៀង ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូន ប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលលោកអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ៕