ខេត្តកំពត៖ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ កីឡាករ និងកីឡាការិនី ជាច្រើនប្រទេស នឹងត្រូវធ្វើការប្រកូតកីឡាប្រណាំងទូកនាគ និងទូកផ្កាចារ នៅខេត្តកំពត នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គេឃើញវត្តមាន លោក អ៉ឹង ឆាយ អភិបាលរងខេត្ត តំណាង ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដឹកនាំក្រុមការងារ ដើម្បីទទួលស្វាគមន៍ កីឡាករ កីឡាការិនី មីយ៉ាន់ម៉ា ដែលត្រូវមកប្រកួតប្រជែងការប្រណាំងទូកនាគ និងទូកផ្កាចារ នៅព្រឹកនេះផងដែរ។
សូមជម្រាបថា ខេត្តកំពតត្រូវបានគណ:កម្មការជាតិអូរឡាំពិកជ្រើសរើសជាទីតាំងប្រកូតផ្នែកកីឡាប្រណាំងទូកនាគ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមដងព្រែកកំពង់បាយ នៃក្រុងកំពត ដែលមានក្រុមកីឡាចូលរួមប្រកួត មកពីព្រះរាជាណាចក្រថៃ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសសឹង្ហបូរី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។
ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានក្រុមអ្នកទេសចរ មកពីគ្រប់ទិសទីបានសម្រុកចូលមក ទស្សនា សម្រាក លំហែ និងដើរលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍ រមណីយដ្ឋាននានា ក្នុងខេត្តកំពត ដែលញាុំងអោយព្រឹត្តិការណ៍ខាងលើ កាន់តែមានភាពអធិកអធមក្រៃលែង៕ សេង ណារិទ្ធ