ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀងនិងលោកហែម ពិសិដ្ឋអភិបាលរងខេត្ត ព្រមទាំងលោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិននៅព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៣បានដឹកនាំក្រុមការងារចែកកាតាបដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្វាយតឿ ក្រុងស្វាយរៀងនិងប្រគេនអង្ករចំនួន ៥០០ គីឡូក្រាមនិងប្រគេនបច្ច័យមួយចំនួនដល់វត្តមុនីសាលា ហៅវត្តឡ។
ពិធីចែកកាតាបដល់សិស្សានុសិស្សនិងប្រគេនអង្ករ បច្ច័យដល់វត្តមុនីសាលានេះដែរ ក៏មានការចូលរួមពីលោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង លោកនាយករដ្ឋបាលសាលាក្រុង ព្រមទាំងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។
លោកប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិតមែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុលអភិបាលខេត្ត ដែលសម្ដេចនិងលោកអភិបាលខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយទីណាមានការលំបាកនោះ សម្ដេចនិងឯកឧត្តមអភិបាលខេត្តតែងតែចាត់ឲ្យក្រុមការងារចុះជួយបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះលោក ប៉េង ពោធិ៍ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សី នៃប្រទេសជាតិដ៏រឹងមាំផងដែរ។
លោកបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដោយមានរោងចក្រ សហគ្រាសនៅខេត្តស្វាយរៀងប្រមាណជាង ២០០កន្លែង ដែលអាចស្រូបយកកម្មករ កម្មការិនី ប្រមាណជិត ១០ ម៉ឺននាក់បម្រើការងារ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសឈី លូ ដែលមានក្រុមហ៊ុនសៃលុនផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ បានធ្វើឲ្យកម្មកររាប់រយនាក់មានការងារធ្វើ និងមានប្រាក់ចំណូលទៀងទាត់ជាប្រចាំខែផងដែរ។
លោកបានបន្តថា សាលារៀនក៏បានមកនៅខិតជិតផ្ទះរបស់សិស្សានុសិស្ស ហើយសម្រាប់ខេត្តស្វាយរៀងសាលារៀនរាប់រយខ្នងមានទាំងសាលាមត្តេយសិក្សា រហូតដល់សាកលវិទ្យាល័យដែលធ្វើឲ្យវិស័យធនធានមនុស្សពីរមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ប្រាក់ចំណូលរបស់ពលរដ្ឋកាន់តែកើនឡើង ធ្វើឲ្យជីវភាពពលរដ្ឋខេត្តស្វាយរៀងមានការរីកចម្រើនពូធាបានមួយកម្រិតថែមទៀត។
នៅក្នុងឱកាសនោះដែរ ដើម្បីផ្សារភ្ជាប់និងវិស័យព្រះពុទ្ធសាសនា លោកប៉េង ពោធិ៍សា និងលោកហែម ពិសិដ្ឋព្រមទាំងគណៈប្រតិភូក្រុមហ៊ុនសៃលុន និងលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងក៏បាននាំនូវអង្ករចំនួន ៥០០គីឡូក្រាមនិងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តមុនីសាលាផងដែរ។