កំពង់ធំ៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣
ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ព្រាហ្មណ៍ព្រះរាជគ្រូបានឱ្យដឹងថា គោឧសភរាជ បរិភោគ ស្រូវ ពោត សណ្ដែក ចំនួន ៩៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។
ព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័លឆ្នាំនេះបាន ប្រារព្ធធ្វើនៅកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹក ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែរ។
ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័លទី២ តំណាងរបស់ព្រះអង្គ និងលោកជំទាវ ជាព្រះមេហួ ។
ដោយឡែក នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ បានសរសេរថា អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល។ នៅថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ ជាថ្ងៃដែលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវប្រារព្ធធ្វើឡើងនៅខេត្តកំពង់ធំ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
សម្ដេចតេជោ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយ ដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក ដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា ជាការចាប់ផ្តើមរដូវវស្សា។ ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។ ទន្ទឹមនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសដល់អស់បណ្តាប្រជានុរាស្រ្តឱ្យបានជ្រាបថា រដូវធ្វើស្រែចម្ការបានមកដល់ហើយ។ ព្រះរាជពិធីនេះត្រូវបានចាត់ចូលជាព្រះរាជពិធីទ្វាទសមាសប្រចាំព្រះនគរ ជាមង្គលចម្រើន ការសាប ព្រួសបណ្ដុះ ដាំ ក្នុងរដូវភ្លៀងរបស់ប្រជាជន។
ក្នុងព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លក្នុងខេត្តកំពង់ធំ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយ ដល់តំណាងប្រជាកសិករ ចំនួន១០០រូប និងយាងទត ស្តង់ពិព័រណ៍ដែលដាក់តាំងបង្ហាញអំពីសមិទ្ធផលវិស័យកសិកម្ម នៅទីនោះផងដែរ៕ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ កន ចំណាន