កំពង់ឆ្នាំង៖ លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ទៅផ្តល់ជូនស្ត្រីមេម៉ាយក្រីក្រ និងមានជំងឺ រស់នៅក្នុងភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
លោកស្រី កែ ច័ន្ទមុន្នី បានថ្លែងទៅកាន់គ្រួសារក្រីក្រ និងអាជ្ញាធររួមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីផ្ដល់អំណោយជូនគ្រួសារខាងលើនេះថា កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងយកចិត្តទុកដាក់គិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋក្រីក្រខ្វះខាត និងជួបការលំបាកផ្សេងៗ នៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាដែលប្រជាពលរដ្ឋមានការលំបាកមានគ្រោះភ័យ ទីនោះមានកាកបាទក្រហមចុះសួរសុខទុក្ខ និងផ្ដល់អំណោយសង្គ្រោះជាប់ជានិច្ច។
ជាក់ស្ដែងដូចក្នុងពេលនេះ សាខាកាកបាទក្រហមស្រុក និងខេត្ត បានផ្ដល់ជូនស្ត្រីមេម៉ាយក្រីក្រ និងមានជំងឺ មានអង្ករ២បេ ស្មើ៥០គីឡូ, ទឹកត្រីពីរយួរ, ទឹកស៉ីអ៉ីវពីយួរ, ត្រីខ២យួរ និងថវិកាចំនួន១លានរៀល។
លោកស្រីអ្នកតំណាងរាស្ត្រ ក៏បានផ្ដាំផ្ញើដល់ស្ត្រីឈ្មោះ ម៉ោល ម៉ៅ និងកូនៗឲ្យត្រូវចេះថែទាំសុខភាពឲ្យបានល្អ ពិសេសស្ត្រីដែលជាម្ដាយ ដែលកំពុងមានជំងឺត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដែលនឹងត្រូវនាំយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ដើម្បីឲ្យឆាប់បានជាសះស្បើយ នឹងឆាប់បានវិលត្រឡប់មកកាន់ផ្ទះសំបែងដើម្បីមើលថែកូនចៅវិញ។
ចំពោះអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋដែលនៅផ្ទះជិតខាង សូមជួយមើលការខុសត្រូវដល់កូនៗ និងចៅៗរបស់ស្ត្រីឈ្មោះ ម៉ោល ម៉ៅ ផងខណៈដែលគាត់ត្រូវទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញមួយរយៈនេះ៕