លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូចូលនិវត្តន៍ និងសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការទីលានបាល់ទាត់នៃវិទ្យាល័យបាក់ទូក ក្រោយពីបានរៀបចំកែលម្អបន្ថែមជាថ្មី ក្រោមកិច្ចសហការជាមួយដៃគូរអភិវឌ្ឍន៍ដែលមានបទពិសោធន៍រៀបចំតារាងបាល់ទាត់ ក្រាលស្មៅសិប្បនិមិត្ត។
ក្នុងឱកាសនោះ ក៏មានការចូលរួមពី ឯកឧត្តម ឌួង មាសចម្រើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំយុវជន និងកីឡា លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡា រាជធានីភ្នំពេញ លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូក លោកបណ្ឌិត អ៊ឹមសុធារិទ្ធ តំណាងក្រុមហ៊ុន ជីប ម៉ុង លោក សោម សុនិមិត្ត តំណាងដៃគូអភិវឌ្ឍតារាងបាល់ទាត់ និង លោក លោកស្រី នាយករង-បុគ្គលិកសិក្សា អតីតលោកគ្រូអ្នកគ្រូ អតីតសិស្ស សាលាបាក់ទូក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ គណ:កម្មការរៀបចំការប្រកួត ក្រុមកីឡាករបាល់ទាត់ ព្រមទាំងក្មួយៗ សិស្សានុសិស្សជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសថា ការជ្រើសរើសដៃគូអភិវឌ្ឍន៍ របស់គណៈកម្មការ ទ្រទ្រង់សាលា គណៈនាយកសាលា និងក្រុមបច្ចេកទេស នៃសាលាបាក់ទូក មកអភិវឌ្ឍន៍នូវតារាងបាល់ទាត់ គឺជាការ រីកចម្រើនថ្មីមួយរបស់សាលាស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ នាសម័យបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយ គតិបណ្ឌិត ដូច្នេះលោកសង្ឃឹមថា តារាងបាល់ទាត់មួយនេះ នឹងបានជាប្រយោជន៍ ដល់ប្អូនៗយុវជនជំនាន់ក្រោយ ក្នុងការលើកស្ទួយវិស័យបាល់ទាត់ឲ្យរីកចម្រើនតទៅ និងជួយលើកមុខលើកមាត់ ប្រទេសជាតិយើង នៅលើឆាកអន្តរជាតិ។
បន្ទាប់ពីកាត់ខ្សែបូរ សម្ពោធទីលានបាល់ទាត់រួច គណអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បាននាំគ្នាទស្សនា ការប្រកួតផ្តាច់ព្រ័ត យកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ រហូតចប់កាប្រកួត និងបានប្រគល់មេដាយពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាបាល់ទាត់ទាំង៣ចំណាត់ថ្នាក់ខាងលើ មាន មេដាយមាស ប្រាក់ និងសំរិទ្ធ ថវិកាលើកទឹកចិត្ត មី ភេសជ្ជៈមួយចំនួន និងបាល់ទាត់ ផងដែរ៕