ប្រទេសថៃ៖ម៉ូតូស៊ែរីថ្មីៗជាច្រើនគ្រឿង ដែលភាគីថៃផ្តោតទៅលើករណីចោរកម្ម ត្រូវបានកម្លាំងយោធាថៃ សហការជាមួយ ភាគីកម្ពុជា ស្ទាក់ចាប់បានទាំងរំលងអាធ្រាត្រ ខណ:ដែលពួកគេកំពុងជិះឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា។
យោងតាមរបាយការណ៍របស់កម្លាំងវរ:ព្រំដែនថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការដែលចេញដោយកម្លាំងយោធាព្រះដែនថៃ លេខ១២ និងសហការជាមួយកម្លាំងវរ:ការពារព្រំដែនគោលកម្ពុជាលេខ ៥០៣ បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញ ក ស ហើយក៏បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
លុះនៅវេលាម៉ោង ៣ ទៀបភ្លឺឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចអាងសិលា ដែលមានGPS លេខ TA ៤៩០២០៥ ក្នុងភូមិសាស្ត្រ ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ទល់នឹង អូរបីជាន់ ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញមនុស្សមួយក្រុម កំពុងជិះម៉ូតូឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា។
បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះ កម្លាំងបានបង្ហាញខ្លួនដើម្បីអោយជួកគេឈប់ត្រួតពិនិត្យ ផ្ទុយទៅវិញពួកគេបានផ្តួលម៉ូតូរួចរត់ឆ្លងដែនចូលទៅក្នុងទឹកដីកម្ពុជាបាត់អស់ ដោយសារយប់ងងឹតផង។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងរហូតដល់ព្រឹកព្រលឹម ទើបកម្លាំងប្រមូលបានម៉ូតូស៊ែរីថ្មីៗចំនួន៦គ្រឿង ដែលសមត្ថកិច្ចថៃបានសន្និដ្ឋានថា ម៉ូតូទាំងនេះអាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មដើម្បីនាំឆ្លងដែនចេញទៅក្រៅប្រទេស។ បច្ចុប្បន្នសមត្ថកិច្ចថៃបាននាំម៉ូតូទាំងនេះយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីបន្តការស្រាវជ្រាវ ៕ របាយការណ៍មួន រិទ្ធីយ៉ា(៩៥)
.