ភ្នំពេញ៖ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១៥រោច ខែមាឃ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងអាវុធហត្ថខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយគ្រួសារសព លោក សេង ឈៀង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ។
ក្នុងឱកាសនៃការចូលរួមរំលែកមរណទុក្ខនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការសោកស្តាយប្រកបដោយភាពក្រៀមក្រំក្រៃលែង ហើយនេះជាការបាត់បង់នូវសហការី និងជាការបាត់បង់នូវសមាជិកនៃកងរាជអាវុធហត្ថដ៏ល្អប្រសើរមួយរូប ពោរពេញទៅដោយឆន្ទៈមនសិការ ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជា។
លោកវរសេនីយ៍ឯក សេង ឈៀង ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលមានការទទួលខុសត្រូវលើការបំពេញភារកិច្ចការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានទំនាក់ទំនងល្អប្រសើរជាមួយអាជ្ញាធរ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ។ ក្នុងនាមជាមេបញ្ជាការ លោក សេង ឈៀង បានដឹកនាំអង្គភាពអាវុធហត្ថខណ្ឌចូលរួមរួមយ៉ាងសកម្មក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា លោក សេង ឈៀង បានទទួលមរណភាពកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយរោគាពាធនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ។ ពិធីបុណ្យសពប្រារព្ធធ្វើឡើងតាមប្រពៃណីនៅគេហដ្ឋាន អ្នកស្រី ម៉ន ឆយី ស្ថិតនៅក្រុមទី៥ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយពីធីបូជាសពនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទីសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១៕