ឃុំមៀន ៖ ឯកឧត្ដម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណជាង៣៥០នាក់ មកពីភូមិចំនួន៧គឺភូមិថ្មសំលៀង ភូមិបន្ទាយមៀន ភូមិថ្មី ភូមិព្រៃសំបួរកើត ភូមិព្រៃសំបួរលិច ភូមិស្វាយពក និងភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីបានលើកឡើងពីសមិទ្ធផលនានាដែលក្រុមការងារបានចូលរួមស្ថាបនានៅក្នុងមូលដ្ឋាន និងការវិវឌ្ឍរបស់សង្គមជាតិ ឯកឧត្តមប្រធានបានជំរុញឱ្យបងប្អូនទាំងអស់គ្នាខិតខំបន្សល់ស្នាដៃ ក៏ដូចជាកេរ្តិ៍ដំណែលដល់ក្មេងជំនាន់ក្រោយ ដែលនោះគឺមិនមែនសំដៅទៅលើតែសមិទ្ធផលរូបវន្តតែប៉ុណ្ណោះទេ គឺកេរ្តិ៍ដំណែលនេះសំដៅលើសុខសន្តិភាព។ ឯកឧត្តមប្រធាន បានបន្ថែមថា ក្នុងនាមអ្នកដែលកើតក្នុងទស្សវត្ស៧០ ឬមុននេះ យើងបានទទួលរងទុក្ខវេទនាពីផលវិបាកនៃសង្គ្រាមរួមមាន ការប្រាត់ប្រាស់សាច់ញាតិក្រុមគ្រួសារ ការរស់នៅគ្មានសិទ្ធសេរីភាព រស់នៅក្រោមការភ័យខ្លាច ខ្វះខាតសព្វបែបយ៉ាងជាពិសេសការហូបចុក ដូចនេះយើងមិនត្រូវឱ្យជាន់ដានប្រវត្តិសាស្ត្រជាដាច់ខាត កុំឱ្យក្មេងជំនាន់ក្រោយស្តីបន្ទោសយើងថាគ្មានទំនួលខុសត្រូវចំពោះសង្គមជាតិ យើងត្រូវការពារឱ្យខានតែបាននូវសន្តិភាព ដើម្បីអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយទទួលបានឱកាសក្លាយជាទំពាំងស្នងឬស្សី ទទួលបន្តភារកិច្ចពីយើងដើម្បីបន្តនិរន្តភាពអភិវឌ្ឍន៍សង្គមជាតិយើង។
ឯកឧត្តមក៏បានរំលឹកផងដែរថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន គឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត ។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ ប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន ។
ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសក្នុងសន្តិភាពជាបន្តទៅទៀត ឯកឧត្តមបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធិផលដែលមានស្រាប់ អោយបានស្ថិតស្ថេរ គង់វង្ស ក្នុងការចូលរួមចំណែក កសាងនូវ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និង ភូមិឃុំមានសុវត្ថិភាព និង សូមពុកម៉ែបងប្អូន ទាំងអស់ ទៅបោះឆ្នោតនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខកខាន និងកុំភ្លេចគូសអោយចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ដែលមានរូបទេវតាបាចផ្កា នៅខាងក្រោមបង្អស់នៃសន្លឹកឆ្នោត ផ្នែកខាងស្តាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។