ស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចំរោះទឹកស្អាត ដែលជាអំណោយរបស់ ក្រុមហ៊ុន អ៊ីនត្រាកូ ជូនដល់ប្រជាពលរដ្ឋចំនួន ៤៦៦គ្រួសារ នៅឃុំអណ្តូងពោធិ៍ នៅស្រុករមាសហែក ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានចុះកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធនារី វៀតណាម និងក្រុមហ៊ុន អ៊ីនត្រាកូ ដើម្បីអនុវត្តគម្រោង ការចែកចាយដោយឥតគិតថ្លៃ នូវចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០ម៉ឺនគ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០ម៉ឺនគ្រឿង ដែលមានតម្លៃសរុបចំនួនជាង ១លានដុល្លា ដល់គ្រួសារស្ត្រីក្រីក្រនិងគ្រួសារជួបការលំបាកដែលប្រើប្រាស់ចង្ក្រានដុតអូសឈើបែបបុរាណ និងគ្រួសារដែលមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយឲ្យឥតគិតថ្លៃនៅខេត្តចំនួន ០៨គឺ មានខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ។ សម្រាប់ខេត្តស្វាយរៀងត្រូវទទួលបាន ចង្ក្រានសំន្សំសំចៃថាមពលចំនួន ៣២,០៧១គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន១០,៦៩០គ្រឿង សម្រាប់បែងចែកប្រជាជននៅទូទាំង ០៨ក្រុង ស្រុក ក្នុងឃុំ-សង្កាត់ទាំង ៨០ ។ ដោយឡែកសម្រាប់ស្រុករមាសហែកចំនួន ១២ឃុំចំនួន ទទួលបាន ៥,៧៥៦គ្រឿង ។
ជាចុងក្រោយសម្តេចកិត្តិសង្គហបណ្ឌិត អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ដើម្បី ធានាការងារ និងការអភិវឌ្ឍន៍,ចូលរួមគោរពច្បាប់ចរាចរផ្លូវគោក, រួមគ្នាអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាព, បន្តរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ៣កុំ ទាំងអស់គ្នា ៕