បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដបាត់ដំបង និងសហការី បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលដ្ឋគ្រួសារម៉ូតូឌុប កម្មករ និងអ្នកសារព័ត៌មានក្រីក្រងាយរងគ្រោះបំផុត និងមានជីវភាពខ្វះខាត សរុបចំនួន៥២៣គ្រួសារ ក្នុងក្រុងបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋដោយមិនប្រកាន់រើស អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀង អាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។
លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកា ប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។
លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមលើកកម្ពស់ការយល់ដឹងអំពីសុវត្តិភាពចរាចណ៍ផ្លូវគោក ចូលថែរក្សាសន្តិ
ភាព ការថែទាំសុខភាព ឲ្យបានល្អរស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាព ដែលអាកាសធាតុមានការប្រែប្រួល អាចនឹងបង្កឲ្យកើតមានជំងឺដង្កាត់ផ្សេងៗ។
លោក បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តយកចិត្តទុកដាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន វិធានសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានពិសេសគ្រោះអគ្គិភ័យ អាចបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើង និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
អំណោយមនុស្សធម៌ចែកជូន ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកា២ម៉ឺនរៀល៕