ចេញផ្សាយ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៣
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅរសៀលថ្ងៃទី១៨ កក្កដានេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជម្រុញអោយការងារនេះ អោយទទួលបានជោគជ័យ ទៅតាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ប្រមាណ៣៥០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដោយបាន បែងចែងជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីដឹកជញ្ជូន បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ ទៅស្រុកកំណើត ដើម្បីអោយពួកគាត់បានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ដូច្នេះ ឯកឧត្តម ជម្រុញអោយមន្ត្រីពាក់ព័ន្ធដែលអនុវត្តការងារនេះត្រូវបំពេញការងារនេះអោយបានល្អ ជាមួយនិងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាពជូនពួកគាត់ ទាំងទៅនិងមកភ្នំពេញវិញ ។ត្រូវដឹកជញ្ជូនពួកគាត់ដោយមិនមានការរើសអើង ។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមួលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យនិងសម្រួលលើការងារនេះ ជាមួយនិងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អប្រសើរ៕