មហាជន និងអ្នកសារព័ត៌មាន ជាច្រើន កំពុងបន្តអ៊ុតមើលជោគវាសនា របស់លោក រឹម វីរះ ដែលកំពុងល្បីល្បាញមានតួនាទីការងារជាច្រើនកន្លែងក្នុងស្រុកខ្មែរ ក្នុងនោះក៏ឃើញថាលោក រឹម វីរះ រូបនេះ ក៏មានតួនាទីការងារជាមន្ត្រីអាវុធហត្ថ និងជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ហើយលោក រឹម វីរះ ក៏កំពុងតែល្បីល្បាញយ៉ាងភ្លុកទឹកភ្លុកដីខាងដើរលួងលោមបោកបញ្ជោតប្រជាពលរដ្ឋជាច្រើនគ្រួសារ ឲ្យប្រមែប្រមូលលុយ យកមកឲ្យខ្លួនដើម្បីរត់ការចូលធ្វើជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលមានឈ្មោះថា អង្គការការពារបរិស្ថានសត្វព្រៃ ព្រៃឈើប្រទេសកម្ពុជា ដែលមានលោក ស៊ុន សាមេឃ ជាប្រធានអង្គការ។
ដោយសារលោក រឹម វីរះ មានតួនាទីការងារជាច្រើនកន្លែង ដោយក្នុងនោះមានការសង្ស័យថាជាប់ពាក់ព័ន្ធជាមួយអង្គភាពកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ទើបមហាជនស្នើសុំឲ្យលោក ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយស្រាវជ្រាវនិងបំភ្លឺជូនមហាជន ឲ្យបានដឹងថាតើលោក រឹម វីរះ រូបនេះ ជាមន្ត្រីកងរាជអាវុធហត្ថ ពិតប្រាកដឬក្លែងក្លាយ ដើម្បីជៀសវាង មានការភាន់ច្រឡំ នាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្រោយពីមានការស្នើសុំឲ្យលោក ឧត្តមសេនីយ៍ត្រី អេង ហុី ជួយបំភ្លឺលើករណីខាងលើ តាមរយៈការផ្សព្វផ្សាយព័ត៌មាន ស្រាប់តែនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បុគ្គលឈ្មោះ រឹម វីរះ បានដឹងខ្លួនមុនក៏រត់ទៅរកមេធាវីមួយរូប ឈ្មោះ ម៉ុត សៀងហៃ ដើម្បីវ៉ៃត្រានិងចុះហត្ថលេខា លើលិខិតបំភ្លឺ។ ដោយក្នុងលិខិតបំភ្លឺរបស់ លោក រឹម វីរះ ដែលពាក់ព័ន្ធទៅនិងការស្លៀកពាក់ជាឯកសណ្ឋានអាវុធហត្ថ និងពាក់ព័ន្ធទៅនិងការឆបោកលុយពីប្រជាពលរដ្ឋ បានរៀបរាប់បដិសេធថា៖ «ខ្ញុំបាទ រឹម វីរះ ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង សូមគោរពចូលមក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្មវត្ថុ៖
ស្នើសុំជូនសេចក្តីបំភ្លឺ និងសូមប្រកាសបដិសេធលើបណ្ដាញសារព័ត៌មានសង្គមក្នុងស្រុកមួយចំនួនជាច្រើនបានចុះផ្សាយព័ត៌មានមិនពិតប៉ះពាល់បង្កឲ្យមានការភាន់ច្រឡំ ដោយបានចោទប្រកាន់មកលើរូបខ្ញុំបាទ រឹម វីរះ ជាមន្ត្រីកងរាជអាវុធហត្ថ ដោយមានការស្លៀកពាក់ជាឯកសណ្ឋានមន្ត្រីអាវុធហត្ថនោះមិនមែនជាការពិតនោះទេ។ យោងតាមការចុះផ្សាយជាអត្ថបទនិងឃ្លីបវីដេអូ ដូចបានរៀបរាប់ជាច្រើន របស់ស្ថាប័នសារព័ត៌មានមួយចំនួនមានខ្លឹមសារថា លោក រឹម វីរះ ដែលគេដឹងថាមានតួនាទីការងារច្រើនកន្លែងក្នុងស្រុកខ្មែរនិងកំពុងទើបតែទទួលបានការតែងតាំងជាអនុប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារប្ដឹងទៅតុលាការពីបទឆបោក និងបានកាត់តភ្ជាប់ជាមួយឯកសណ្ឋានកងកម្លាំងមន្ត្រីអាវុធហត្ថគឺជាព័ត៌មានមិនពិត ដោយមានការភាន់ច្រឡំនឹងបានចោទប្រកាន់មកលើរូបខ្ញុំបាទ រឹម វីរះ»។
ទាក់ទិនទៅនិងការបំភ្លឺរបស់លោក រឹម វីរះ ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ក៏បានចែករំលែក នូវលិខិតបំភ្លឺដោយភ្ជាប់ជាមួយខ្លឹមសារដ៏ខ្លីថា «សូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបមួយជំហាន»។ លោកឧត្តមសេនីយ៍ត្រីអ្នកនាំពាក្យដដែលក៏បានបញ្ជាក់បន្ថែមទៀតតាមរយៈខមមិន (Comments) តបមកកាន់សារព័ត៌មានថា «យើងខ្ញុំកំពុងធ្វើការនេះ និងប្រកាសព័ត៌មាននាពេលបញ្ចប់»។
យ៉ាងណាយ៉ាងណីចំពោះរូបថត លោក រឹម វីរះ ជាច្រើនសន្លឹក ដែលពាក់ឯកសណ្ឋានជាកម្លាំងអាវុធហត្ថ ដែលមើលទៅជារូបភាពស្រស់ៗ ថែមទាំងឈរថតយ៉ាងស្អាតនៅក្នុងទីតាំងមូលដ្ឋានអាវុធហត្ថ និងមានមន្ត្រីអាវុធហត្ថជាច្រើននាក់ឈរអមដោយភាពស្និទ្ធស្នាល ដែលយើងសង្កេតមើលហាក់ដូចជាមិនមែនរូបភាពកាត់តនោះទេ។ តែផ្ទុយទៅវិញបែរជា លោក រឹម វីរះ រូបនេះសារភាពជាសាធារណៈ ថាខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថទៅវិញ ទាំងខ្លឹមសារការបំភ្លឺសារភាពហាក់ដូចជាផ្ទុយស្រឡះពីសកម្មភាពរូបថត ដែលកំពុងតែឈរយ៉ាងសង្ហានៅក្នុងមូលដ្ឋានអាវុធហត្ថ។
ទោះបីជាយ៉ាងណាខាងសារព័ត៌មានយើងក៏មិនមែនជាមន្ត្រីជំនាញធ្វើកុសលវិច្ច័យនិងកាត់ក្តីនោះដែរ គឺបានត្រឹមតែធ្វើការផ្សព្វផ្សាយព័ត៌មាន ជូនថ្នាក់ដឹកនាំជាពិសេសស្ថាប័នដែលពាក់ព័ន្ធឲ្យបានដឹងជាដំណឹង និងចាត់វិធានការស្រាវជ្រាវតាមជំនាញផ្លូវច្បាប់ ជៀសវាងមានបុគ្គលខិលខូច ក្លែងបន្លំខ្លួនជាមន្ត្រីកងកម្លាំងដើរបោកប្រាស់ប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នជាតិ។
សូមបញ្ជាក់ដែរថា៖ នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើននៅខេត្តព្រៃវែង ស្រុកមេសាង កំពុងដង្ហោយរកយុត្តិធម៌ នៅស្ថាប័នតុលាការខេត្តព្រៃវែង ខណៈដែលពួកគាត់អះអាងថា លោក រឹម វីរះ ខាងលើនេះ បានលួងលោមបោកបញ្ឆោតពួកគាត់ឲ្យប្រមូលលុយឲ្យទៅខ្លួនដើម្បីបានចូលធ្វើជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងទទួលបានប្រាក់ខែយ៉ាងច្រើន ដែលអង្គការនោះមានឈ្មោះ «អង្គការការពារបរិស្ថាន សត្វព្រៃ ព្រៃឈើ ប្រទេសកម្ពុជា» ដែលមានលោក ស៊ុន សាមេឃ ជាប្រធានអង្គការ ហើយលោក រឹម វីរះ បានអះអាងថាលោក ស៊ុន សាមេឃ ជាមេរបស់គាត់។
ប្រជាពលរដ្ឋសូមអំពាវនាវស្នើសុំឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវពិនិត្យលើ លក្ខន្តិកៈការងារ របស់អង្គការ ដែលមានឈ្មោះថា «អង្គការការពារបរិស្ថាន សត្វព្រៃ ព្រៃឈើ ប្រទេសកម្ពុជា» ដែលមានលោក ស៊ុន សាមេឃ ជាប្រធានអង្គការផងទាន៕