ចេញផ្សាយ ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣
ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្ដាល រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងអាជ្ញាធរក្រុងតាខ្មៅ បាននាំយកនូវទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាវចំនួន១៥វត្ត ទូទាំងក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅវត្តព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។
ឯកឧត្តម អភិបាលខេត្ត បន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ៕