នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យវិទ្យុមិត្តភាពកម្ពុជា-ចិន ពង្រីកការផ្សាយរបស់ខ្លួនតាមរយៈ APPក្រសួងព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បន្ថែមលើកិច្ចសហ ប្រតិបត្តិការដែល មានស្រាប់ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសថែមទៀត។
ការលើកទឹកចិត្តរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជា-ចិន ប្រចាំកម្ពុជា ដឹកនាំដោយ កញ្ញា Yao Shiya (យ៉ាយ៉ា) ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ ។
ឯកឧត្តម នេត្រ ភក្រ្តា បានចាត់ទុកការផ្សព្វផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន គឺជាផ្នែកមួយជួយប្រជាជនកម្ពុជា បានយល់ដឹងបន្ថែមទៀតពីប្រពៃណីវប្បធម៌របស់ចិន ហើយចិនក៏បានយល់ពីវប្បធម៌របស់កម្ពុជាវិញដែរ៕