ខេត្តរតនគិរី៖លោកម៉ែនណារិន នាយកសាលាវិទ្យាល័យតេជោសែនជ័យត្រពាំងក្រហម៖
បើគ្មានលុយបង់ទេ នាំគ្នា ដុតចង្កៀង អុចទៀន ដុតចន្លុះ រៀនទៅ..?
ប្រជាពលរដ្ឋទីទាល់ក្រដែលបានបញ្ជូនកូនមករៀននៅសាលា វិទ្យាល័យតេជោសែនជ័យត្រពាំងក្រហម ដែលស្ថិតនៅក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគិរី បាននាំគ្នាប្រតិកម្ម និងមិនសប្បាយចិត្ត ចំពោះលោក
ម៉ែន ណារិន ដែលជានាយកសាលាវិទ្យាល័យ តេជោសែនជ័យ ត្រពាំងហម
ដែលបានបង្គាប់បញ្ជា ឲ្យពួកគាត់បង់ប្រាក់ មកសាលាតាមរយៈគាត់ក្នុងសិស្សមួយនាក់ត្រូវបង់ចំនួន១០០០០៛(មួយមុឺនរៀល)ក្នុងមួយខែ។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣
តាមការរៀបរាប់ពីអាណាព្យាបាលសិស្ស មកកាន់ អ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរសព្ទ ដែលសុំមិនបញ្ចេញឈ្មោះ និងអត្តសញ្ញាណ ពួកគាត់បានត្អូញ ត្អែថា
កាលពីថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២៣ លោក
ម៉ែន ណារិន ដែលជានាយកសាលាវិទ្យាល័យ តេជោសែនជ័យ ត្រពាំងក្រហម បានកោះអញ្ជើញពួកគាត់ ឲ្យទៅចូលរួមប្រជុំនៅក្នុងសាលាវិទ្យាល័យ តេជោសែនជ័យត្រពាំងក្រហម។
នៅក្នុងកិច្ចប្រជុំនោះ លោកម៉ែនណារិន បានលើកឡើងថា ចំពោះអាណាព្យាបាលមាតាបិតាសិស្សទាំងអស់ ដែលបានយកកូន មកដេកសម្រាករៀននៅក្នុងសាលា ត្រូវបង់ប្រាក់ក្នុងសិស្សមួយនាក់ចំនួន១០០០០៛ (មួយម៉ឺនរៀល)ក្នុងមួយខែ សម្រាប់យកទៅចំណាយថ្លៃភ្លើងអគ្គិសនីយ៍ ។
លោកបានបញ្ជាក់ទៀតថា៖ ឆ្នាំមុនបង់៥០០០៛(ប្រាំពាន់រៀល)ក្នុងសិស្សម្នាក់ នោះវាខាត ខាងសាលាមិនមានលុយដើម្បីបង់ថ្លៃភ្លើងជំនួសនោះទេ។
ពួកគាត់បានបន្តទៀតថា នៅក្នុងអង្គប្រជុំនោះ ឪពុកម្ដាយ ឬ អាណាព្យាបាលសិស្ស ក៍ បានសំណូមពរទៅលោក មែ៉ន ណារិន សុំបង់ត្រឹម៦០០០៛ ទៅ៧០០០៛ (ប្រាំមួយពាន់ទៅប្រាំពីរពាន់រៀល)បានហើយ ដោយពួកគាត់បានលើកហេតុផលថា ពួកខ្ញុំសុទ្ធតែជាអ្នក ស្រែទីទាល់ក្រ លំបាក សព្វថ្ងៃនេះវេទនាណាស់ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក
ហើយនៅចំណាយឲ្យកូនមករៀនទៀត ព្រោះតែចង់ចេះដឹង ចង់មានជីវភាពប្រសើរជាងសព្វថ្ងៃ បើពួកខ្ញុំមានជីវភាពធូរធារ សមណាស់ មិនឱ្យកូន មកដេករៀនក្នុងសាលា បារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសុខភាពនោះទេ ម៉្លេះសមទិញម៉ូតូឲ្យកូនជិះទៅរៀនហើយ។
ប៉ុន្តែទោះបីជាពួកខ្ញុំអង្វសុំ លោកគ្រូយ៉ាងណាក៏ដោយ ក៏លោកគ្រូ ម៉ែនណារិន មិនយល់ព្រមនោះដែរ ដោយគាត់បាននិយាយថា បើគ្មានលុយបង់ទេ ឱ្យដុតចង្កៀង អុជទៀន ដុតចង្លុះ រៀនទៅ ។
នេះជាសម្ដីរបស់អ្នកចេះដឹង ក្នុងនាមជានាយកសាលាវិទ្យាល័យ ១រូប ដែលនិយាយទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ល្ងិតល្ងង់ខ្លៅ
នៅស្រុកកូនមុំខេត្តរតនគិរីរបស់យើង។
ក្រោយពីទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៣ ក្រុមការងារអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានទៅកាន់សាលាវិទ្យាល័យ តេជោសែនជ័យ ត្រពាំងក្រហម ដើម្បីសាកសួរព័ត៌មានលំអិត ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋទៅលើលោកនាយកសាលា មែ៉ន ណារិន
ប៉ុន្តែអ្វីដែលក្រុមការងារយើងនឹកស្មានមិនដល់នោះ លោកម៉ែនណារិន នាយកសាលាវិទ្យាល័យ តេជោសែនជ័យត្រពាំងក្រហម បានបញ្ជាក់ប្រាប់មកក្រុមការងារយើងច្បាស់ៗថាគាត់ពិតជាបាន តម្រូវឲ្យឪពុកម្ដាយ ឬអ្នកណាព្យាបាលសិស្សដែលបាន មកដេករៀននៅក្នុងសាលាឲ្យបងប្រាក់ចំនួន១០០០០៛(មួយមុឺនរៀល)ក្នុងមួយខែ ពិតប្រាកដមែន
គាត់បានបញ្ជាក់ថាលុយទាំងអស់នេះគឺសម្រាប់យកទៅបង់ថ្លៃភ្លើង គាត់បានបញ្ជាក់ទៀតថាកាលពីឆ្នាំមុនខ្ញុំតម្រូវឲ្យបង់ត្រឹម ៥០០០៛(ប្រាំពាន់រៀល)ទេ ក្នុងមួយខែចំពោះ សិស្សម្នាក់ រហូតមកដល់ឥឡូវនេះសាលានៅជំពាក់ថ្លៃភ្លើង គេរហូតទៅដល់៥លានរៀលឯណោះ ។
នៅពេលដែលក្រុមការងារអ្នកសារព័ត៌មានសម្ភាសន៍សួរគាត់ថា ការសម្រេចចិត្ត ដោយតម្រូវឲ្យឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសិស្ស បង់លុយ ទាំងអស់នេះ តើមានការឯកភាពពីថ្នាក់ដឹកនាំ មន្ទីរអប់រំយុវជននិងកីឡាខេត្ត ឬ ស្រុកដែរឬទេ ?…
លោកក៏បានឆ្លើយតបវិញថា: ពុំមានទេ…នេះជាការសម្រេចចិត្តរបស់សាលាតែប៉ុណ្ណោះ…..
លោក សេកហៃ អភិបាលនៃគណៈអភិបាលស្រុកកូនមុំ ក៏ដូចជាលោក
កន ពុទ្ធារិន ប្រធានអប់រំយុវជននិងកីឡាស្រុកកូនមុំ បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរសព្ទថា: រឿងទាំងអស់នេះខ្ញុំមិនដឹងនោះទេ ព្រោះអីរឿងនេះវាទើបតែកើតឡើងថ្មីៗ
ដោយឡែករឿងលុយ ៥០០០រៀលដែលលោក មែ៉ន ណារិន តម្រូវឲ្យអ្នកអាណាព្យាបាលសិស្សបង់ កាលពីឆ្នាំមុនខ្ញុំបានធ្វើការ ណែនាំ អប់រំ រួចហើយ។
សំនួរ ពីប្រជាពលរដ្ឋសួរ ដោយឆោតល្ងង់ថា:
ចំពោះករណីទាំងអស់ខាងលើនេះ តើនេះជាការសម្រេចចិត្តពីក្រសួងអប់រំយុវជន និងកីឡាត ម្រូវឲ្យអ្នកអាណាព្យាបាល ឬមាតាបិតាសិស្សបង់លុយសម្រាប់ថ្លៃភ្លើងប្រចាំខែ ជូនទៅសាលា ឬមួយក៏យ៉ាងណា….?
តើខាងក្រសួងអប់រំគ្មានលទ្ធភាព បង់ភ្លើងសម្រាប់សាលារៀន ឬមួយយ៉ាងណា
បានជាលោកគ្រូ មែនណារិន ត្អូញ ត្អែថា: ពុំមានលុយ សម្រាប់បង់ភ្លើងសាលាទេព្រោះក្រសួងមិនទម្លាក់ឲ្យ
បើបងប្អូនមិនបង់លុយទេមានតែដុតចង្កៀង ដុតចង្លុះ ឬ អុចភ្លើងទៀនរៀនទៅ
អ្នកដែលលំបាកគឺមិនមែនកូនខ្ញុំទេគឺកូនរបស់អ្នកទាំងអស់គ្នា៕អ្តថបទ រូបភាព ដោយអ្នកយព័ត៌មាន ពីខេត្តរតនគីរី