ចេញផ្សាយ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹង ចាប់ពីខែ១១មក រាជរដ្ឋាភិបាលកម្ពុជាសម្រេចឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតហើយ ។
សម្តេចថ្លែងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្ដេចធិបតីមានប្រសាសន៍ថា កាលពីដើមខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅនេះ សម្ដេចបានឲ្យគោលការណ៍ឯកភាពទៅតាមសំណើរបស់ក្រសួងរ៉ែ និងថាមពល គឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀតនៅតំបន់ព្រៃឡង់។
សម្ដេចធិបតីបានថ្លែងថា អាជ្ញាប័ណ្ណថ្មីរករ៉ែនៅទីនោះគឺមិនចេញឲ្យទៀតទេ អាជ្ញាប័ណ្ណដែលមានស្រាប់គឺបន្តធ្វើ ហើយខិតខំសិក្សានៅក្នុងកាត់បន្ថយផ្ទៃដីដែលសិក្សា ហើយក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់ ក៏មិនអនុញ្ញាតឲ្យពង្រីកថែមទៀតដែរនៅតំបន់ព្រៃឡង់ នេះហើយជាគោលការណ៍របស់រាជរដ្ឋាភិបាល៕ ដោយ៖ AKP News