ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
នៅរសៀលថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេបញ្ជាការរង បានដឹកនាំ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការ ចែកម៉ាស ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូន តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ដោយបានបញ្ចេញម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការចាក់ផ្សាយនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរាដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង។
ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ និងកំពុងបន្តកើនឡើងគួរឲ្យបារម្ភ។
មុនពេលយកម៉ាសទៅចែកជូនប្រជាពលរដ្ឋ អាវុធហត្ថរាជធានីភ្នំពេញ បានគិតគូរពីសុវត្ថិភាពក្នុងការបែងចែកម៉ាស ជូនបងប្អូនប្រជាពលរដ្ឋជាមុន ដោយធ្វើការ រំលែកម៉ាស ដាក់ចូលថង់ដាច់ដោយឡែកមួយៗ ដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យនិងមានសុវត្ថិភាពកាន់តែខ្ពស់។