ភ្នំពេញ៖ ថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុ.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ជួបសំណេះសំណាលនិងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន រៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នៅភោជនីយដ្ឋានអាហារប៊ូហ្វេសសារ៉ន ស្ថិតនៅផ្លូវអូស៊ីអាយស៊ី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គណៈអធិបតីដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះមាន ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល លោកបណ្ឌិត ភុំ ធី អនុប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងក្រុមការងារលេខាធិការដ្ឋានសម្ព័ន្ធភាព ឯកឧត្តម ហាន ប៊ុនណាវុធ ឯកឧត្តម ថុល សុផាន់ណា លោកជំទាវ ផេង សុនីតា លោក ឌុល ចាន់ធា
លោក ហែម ពិសិដ្ឋ លោក កែ ចាន់ណា លោក ហុង ពិសិត លោក នឹម ប៊ុនណន លោក ជុច វី ។
មានមតិស្វាគមន៍គណៈអធិបតី លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានមានប្រសាសន៍រៀបរាប់អំពីប្រវត្តិកកើតសមាគមនិងបានបញ្ជាក់ថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ទើបតែមានអាយុកាលមួយឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែសមាគម បានបើកវគ្គបណ្តុះបណ្តាល ៤ វគ្គរួចហើយ ហើយនិងត្រៀមបើកវគ្គបណ្ដុះបណ្ដាលលើកទី ៥ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។ក្នុងនោះសមាគមបានចូលរួមជាមួយនឹងសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ធ្វើកិច្ចការងារសង្គម ការងារមនុស្សធម៌ជាច្រើនលើកច្រើនសារ តាមរយៈការធ្វើមូលនិធិនិងចុះចែកអំណោយគ្រឿងឧបភោគបរិភោគជូនដល់សមាជិកសមាជិកាក៏ដូចជាប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាត កុមារកំព្រា ស្ត្រីមេម៉ាយ ទុរគតជន ។ល។
លោកបានបន្ថែមទៀតថា ចំពោះកិច្ចការសង្គម សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានចេញញត្តិនិងសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំនិងកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាត ការផ្សាយព័ត៌មានមិនពិតមានចេតនា បំភ្លៃការពិត ញុះញង់ លាបពណ៌ ធ្វើឲ្យខ្មែរបែកបាក់សាមគ្គីភាព ។
លោកប្រធានសមាគម បានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធាននិងថ្នាក់ដឹកនាំទាំងអស់នៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងពិធីសំណេះសំណាលនិងពិសាអាហារបុហ្វេសាមគ្គី ប្រកបដោយបរិយាកាសរីករាយបំផុត។
ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ហែម ប្រសើរ បានមានប្រសាសន៍ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកចាងហ្វាង លោកនិពន្ធនាយកនិងនិពន្ធនាយករង គ្រប់អង្គភាពទាំងអស់ដែលមានវត្តមាននៅទីនេះ ដែលកន្លងមកបានជួយផ្សព្វផ្សាយសកម្មភាពចុះមូលដ្ឋាននិងសកម្មភាពផ្សេងៗទៀត របស់ថ្នាក់ដឹកនាំនៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា វិស័យព័ត៌មាន គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមថែរក្សាសន្តិភាពនិងការអភិវឌ្ឍ ហើយប្រព័ន្ធផ្សព្វផ្សាយទាំងអស់បានចូលរួមយ៉ាងច្រើន ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងដំណើរការ រក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម តាមរយៈការរំលេចចេញព័ត៌មាននូវគោលនយោបាយឈ្នះឈ្នះនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន និងបញ្ហាចោរលួច ចោរប្លន់ប្រដាប់អាវុធគ្រប់ប្រភេទ។ល។
ឯកឧត្តមបានបញ្ជាក់ទៀតថា វិស័យសារព័ត៌មាន ពិតជាមានសារៈសំខាន់ណាស់ និងជាដៃគូដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលនិងស្ថាប័នសាធារណៈ។
ឯកឧត្តមថា វិស័យសារព័ត៌មាន គឺជាអំណាចទី ៤ ដែលបានចូលរួមជាក់ស្ដែងនៅក្នុងការកសាងនិងការអភិវឌ្ឍប្រទេសដោយផ្អែកលើមុខងារសំខាន់ៗរួមមាន៖ ១-ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើមូលដ្ឋាននីតិរដ្ឋ ២-ជាអ្នកផ្ដល់ព័ត៌មានពិតនិងលឿនរហ័សពីលើទៅក្រោមនិងពីក្រោមទៅលើ។៣-ជាអ្នកផ្ដល់ព័ត៌មានបែបអប់រំនិងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋនិងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។៤-ជាអ្នកឃ្លាំមើលនិងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់។៥-ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្ដល់ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាពនិងជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឲ្យការអភិវឌ្ឍន៍សង្គម ហើយ ព័ត៌មានក្លែងក្លាយជាថ្នាំពុលសង្គមទៅវិញទេ។
ឯកឧត្តម ហែម ប្រសើរ បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម។ ត្រូវផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវសច្ចៈមិនលំអៀង។ចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងរួមគ្នាប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ ។
ក្រោយបញ្ចប់សន្ទរកថា គណៈអធិបតីនិងបងប្អូនអ្នកសារព័ត៌មានបានថតរូបភាពទុកជាអនុស្សាវរីយ៍និងបានពិសារអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសស្និទ្ធស្នាលរីករាយបំផុត៕