គណៈប្រតិភូខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង ប្រទេសវៀតណាម
+++++++++++++++++++
ប្រទេសវៀតណាម៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណ:ប្រតិភូ មានប្រសាសន៍ថា៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល មានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ លោកជំទាវ ឡេ ង្វៀន ធិមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តអានយ៉ាងឱ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿង និងសូមប្រសិទ្ធជ័យយពរ ជូនចំពោះមន្ត្រីរាជការ និងប្រជាជនខេត្តអានយ៉ាងទាំងអស់ សូមបានជួបតែសុភមង្គល និងវិបុលភាព។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា៖ រដ្ឋបាលខេត្តកណ្ដាល សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងរដ្ឋបាលខេត្តកណ្ដាល និងខេត្តអានយ៉ាង និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តទាំងពីរ និងបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ។
លោកជំទាវ ង្វៀន ធិមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកណ្ដាល ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ចើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង ក៏ដូចជាប្រជាជនវៀតណាមនាពេលនេះ។