ខេត្តក្រចេះ÷ ភូមិសាស្រ្ដ ដែនជម្រកសត្វព្រៃ នៃព្រៃឡង់ ស្ថិតនៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការគ្រប់គ្រងនិងការពារ ដោយមន្ត្រីអនុរក្សបរិស្ថាន និងក្រោមការទទួលខុសត្រូវរបស់ លោក ឆាយ ដួង សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃ ព្រៃឡង់មានស្នាក់ការ១ គឺស្នាក់ការកំពតគយ និងមានស្នាក់ការរងជាច្រើនទៀត ដែលគ្រប់គ្រងដោយលោក សាំង សាខន នាយកដែន.! ដែលកំពុងរងនូវការទន្ទ្រាន ឈូសឆាយ កាន់កាប់ឆ្ការ ដុត បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់ បុគ្គលមានលុយនិងមានអំណាចដែលគេស្គាល់ ១.ឈ្មោះហៀង ២.ឈ្មោះ គ្រី វុត្ថា ៣.ឈ្មោះ ចែណែត ៤.ឈ្មោះ ចែថា និងក្រុមបក្ខសពួកមួយចំនួនទៀតយ៉ាងអាណាធិបតេយ្យ ហាក់គ្មានមានអ្នកទប់ស្កាត់ និងបង្ក្រាបសោះ។
សេចក្ដីរាយការណ៍និងដាក់ការសង្ស័យថា មានការឃុបឃិតនិងប្រព្រឹត្តអំពើពុករលួយ និងបើកភ្លើងខៀវឲ្យក្រុមជនខិលខូច កាន់រណាយន្តចូលទៅក្នុងព្រៃកាប់ឈើដឹកលក់ធ្វើអាជីវកម្ម និងធ្វើការឈូសឆាយ កាប់ការ ទន្ទ្រានកាន់កាប់យកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
សូមបញ្ជាក់ផងដែរថា តាមប្រភព កម្មករស៊ីឈ្នួលឆ្ការព្រៃម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យក្រុមការងារព័ត៌មានថា ឈ្មោះ ចែ ណែត កំពុងជួល កម្មករកាប់ឆ្ការដី ព្រៃឡង់ រាប់រយហិកតា ដោយក្នុងមួយហិកតាបានកំរៃ ៧៥ម៉ឺនរៀល។ ទីតាំងដីព្រៃដែលកំពុងរងការរំលោភយកពីសំណាក់ក្រុមបុគ្គលមានលុយមានអំណាចខាងលើស្ថិតនៅចំណុច ខាងលិចអូរយាវ និងពន្លឺពេជ្រ សសរ ៨ជ្រុង នឹងអូរដំរីផុង នៅក្នុង ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ សូមបញ្ជាក់ផងដែរ ទីតាំងដែលកាប់ រុករៀននោះ គេសង្កេតឃើញ ថាបានដឹកកូនកៅស៊ូ ទៅដាក់ដាំ និងសង់ផ្ទះផងដែរ។
ប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងដីព្រៃដែលទទួលរងការទន្ទ្រានយកខាងលើត្រូវបានគេដឹងថាជាកម្មសិទ្ធិឈ្មោះ ហៀង បានកាត់ ទៅឱ្យ លោក គ្រីវុត្ថា ជាង ២០០ហិកតា នេះ បុគ្គលឈ្មោះហៀងខាងលើ បានអោយប្រជាពលរដ្ឋរាប់សិបនាក់ ដើម្បីធ្វើការកាប់ឆ្ការទន្ទ្រានយកនឹងមានគ្រឿងចក្រមួយចំនួនធ្វើការឈួសឆាយយកដីព្រៃព្រៃឡង់របស់រដ្ឋទាំងគឃ្លើនគ្មានញញើតច្បាប់ដែរនៅក្នុងទំហំផ្ទៃដីរាប់រយហិកតាទៅហើយគ្មានមន្ទ្រីពាក់ព័ន្ធណានឹងខាងមន្ត្រីជំនាញណាហ៊ានធ្វើការទប់ស្កាត់នោះទេ ដែលគេសង្ស័យថាប្រហែលជាដុល្លាររបស់លោកថៅកែ ហៀង បាំងមុខអស់ហើយមើលទៅ ទើបធ្វើឲ្យមន្ត្រីជំនាញមូលដ្ឋានទាំងនោះមានការស្ពឹកស្រពន់បែបនេះ ដែលករណីចោទប្រកាន់នេះ សូមឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងនោះឡើយ។
សូមញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យខានតែបានចំពោះការកាប់បំផ្លាញព្រៃឈេី។
ទន្ទឹមនឹងករណីនេះផងដែរក៏មានមន្ត្រីមួយចំនួនតូចត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនផងដែរ។
ចំពោះករណីរំលោភធ្វើការឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ដែនជម្រកសត្វព្រៃ ព្រៃឡង់ យកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់នៅក្នុងខេត្តក្រចេះឯណេះវិញ តើអាចមានវិធានការទប់ស្កាត់និងបង្ក្រាបដូចករណីតំបន់ដីព្រៃលិចទឹកដែលឬយ៉ាងណា៕