ខេត្តកណ្ដាល៖ ក្នុងគោលបំណង ធានាបាននូវការផ្តល់ទិន្ន័យបានគ្រប់ជ្រុងជ្រោយ ពីរដ្ឋបាលខេត្ត ដែលជាតួអង្គប្រតិបត្តិផ្ទាល់លើការគ្រប់គ្រងសំរាម កាកសំណល់រឹង និងការគ្រប់គ្រងទីលានចាក់សំរាម កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្តាល ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងលោកស្រី Katelijn Van Den Berg ប្រធានក្រុមបេសកកម្មធនាគារពិភពលោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការចុះបំពេញបេសកម្មលើកទី០២ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានបញ្ជាក់ថា កន្លងមកក្រសួងមហាផ្ទៃ បានសហការជាមួយធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំគម្រោង “ធ្វើឲ្យប្រសើរឡើងនៃការ គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា” ក្រោមហិរញ្ញប្បទានសហ ប្រតិបត្តិការ របស់ធនាគារពិភពលោក(WB)។ គម្រោងនេះបានចាប់ផ្ដើមអនុវត្តចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៣ ដែលមានសមាសភាគអនុវត្តគម្រោងចំនួន ៣ គឺក្រសួងបរិស្ថាន (សមាភាគ ទី១) ក្រសួងមហាផ្ទៃ (សមាសភាគទី២) និងក្រសួងសាធារណការ និងដឹកជញ្ជូន (សមាសភាគទី៣)។
ឯកឧត្តម រស់ វណ្ណា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានសហការជាមួយ ក្រុមការងាររបស់ធនាគារពិភពលោក ដើម្បីចុះធ្វើការសិក្សារៀបចំគម្រោង គាំទ្រលើការគ្រប់គ្រងសំរាម កាកសំណល់រឹង នៅក្រុង-ស្រុក គោលដៅជាអាទិភាពមួយចំនួនក្នុងខេត្តកណ្ដាល ដូច្នេះដើម្បីផ្ដល់លទ្ធភាពឲ្យក្រុមការងាររបស់ធនាគារពិភពលោកមានលទ្ធភាពបញ្ចប់ការរៀបចំរបាយការណ៍អំពីស្ថានភាពនៃការគ្រប់គ្រងសំរាមកាកសំណល់ និងការគ្រប់គ្រងទីលានចាក់សំរាមអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសម្របសម្រួលព័ត៌មានបន្ថែមឲ្យបានត្រឹមត្រូវជាក់លាក់ និងទាន់ពេលវេលា។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ បានបញ្ចប់នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងក្រុមការងារធនាគារពិភពលោក ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យមើលទីតាំងចាក់សំរាម២កន្លែង គឺទី១ នៅទីតាំងចាក់សំរាមទី២ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងទីតាំងទី២ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។ ការចុះពិនិត្យនេះ គឺក្រុមការងារធនាគាពិភពលោក ចង់ស្រង់ទន្និយជាក់ស្តែង សំដៅជួយរៀបចំទីលានសម្រាប់ចាក់សំរាម និងកាកសំណល់រឹងក្នុងខេត្តកណ្តាល ឱ្យបានសមស្រប និងឆាប់រហ័ស។