ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងផេកហ្វេសប៊ុកឈ្មោះ PHÆL ដែលបានបង្ហោះវីដេអូយុវជនម្នាក់កាន់កាំបិតប៉័ងតោ ហើយស្រែកថា៩៩វិហារសួគ៌ ប៉ះ៨៩ស្ពៃ។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលនិងក្រុងអរិយក្សត្រ ធ្វើការស្រាវជ្រាវស្វែងរកយុវជនខាងលើ ដើម្បីចាត់ការតាមនីតិវិធី។
ជាលទ្ធផល៖
នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរកប្រភពវីដេអូខាងលើ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មឿង សុវណ្ណ ហៅ វណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល (ជាអ្នកធ្វើសកម្មភាពកាន់កាំបិតបុ័ងតោ) និងឈ្មោះ ចក់ សុខជា ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល (គេចខ្លួន) (ជាអ្នកថតវីដេអូ)។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ មឿង វណ្ណា បានឆ្លើយសារភាពថា ចំពោះវីដេអូនោះ ខ្លួនបានឲ្យឈ្មោះ ចក់ សុខជា យកទូរស័ព្ទថតខ្លួន ដើម្បីផ្ញើទៅគំរាមក្រុមមនុស្សរហ័សនាម ៩៩ នៅឃុំវិហារសួគ៌ ហើយឈ្មោះ ចក់ សុខជា ជាអ្នកចែកចាយវីដេអូនោះ។
-ករណីនេះសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមជ្រាប!