ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ ញូស៍ខេត្តកណ្តាល ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
ភ្នំពេញ៖រដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយមេរំដោះទឹក ក្នុងភូមិសាស្ត្រខណ្ឌ ស្របតាមផែនការរបស់សាលារាជធានីភ្នំពេញ ដើម្បីបញ្ជៀសទឹកជំនន់ ពិសេសការរៀបចំឡើងវិញ ប្រព័ន្ធប្រឡាយទឹកក្នុងបឹងតាមោក ដែលកំពុងមានការអភិវឌ្ឍ ក្រោយពេលផ្ទៃបឹងនេះត្រូវបានរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ដូចមានចែងក្នុងអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងែទី៣០ ខែកុម្ភះ ឆ្នាំ២០១៦។ ក្នុងរយៈពេលកន្លងមក រដ្ឋបាលខណ្ឌ ក៏បានផ្សព្វផ្សាយ និងចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដើម្បីអោយប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមសំណង់មិនរៀបរយ ឬកំពុងអាស្រ័យផលក្នុងផ្ទៃបឹងនេះ ចូលរួមសហការអភិវឌ្ឍន៍ប្រឡាយមេដ៏សំខាន់នេះ សម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នា។ ក្នុងនោះ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមសហការយ៉ាងល្អប្រសើរ ធ្វើអោយដំណើរការជីកកាយប្រឡាយដំណើរការរលូនល្អ។ ផ្ទុយទៅវិញ មានប្រជាពលរដ្ឋមួយចំនួនតូច ព្យាយាមរារាំង ដោយមិនគិតពីផលប្រយោជន៍រួម ទោះបីដឹងថា ពួកគាត់កំពុងស្នាក់នៅលើដីចំណីផ្លូវសាធារណៈក៏ដោយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងកម្លាំងប្រជាការពារសង្កាត់ទាំង០៥ ទូទាំងខណ្ឌ បានសហការគ្នាចុះជម្រុញការងារជីកកាយអភិវឌ្ឍន៍ប្រឡាយមេនេះ យ៉ាងសស្រាក់សស្រាំ។
ក្នុងពេលចុះបំពេញភារកិច្ចដើម្បីប្រយោជន៍សាធារណៈនេះ កម្លាំងសមត្ថកិច្ច បានទទួលរងនូវការជេរប្រមាថយ៉ាងធ្ងន់ធ្ងរ និងការប៉ុនប៉ងប្រើអំពើហិង្សាលើសមត្ថកិច្ច ដូចជា ចាក់សាក់ដុត គប់ដុំថ្ម និងការប៉ុនប៉ងបំផ្លាញគ្រឿងចក្រ ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងសំណង់មិនរៀបរយ។
ក្នុងស្ថានភាពនេះ កម្លាំងសមត្ថកិច្ច នៅតែរក្សាបានការអត់ធ្មត់ខ្ពស់ បញ្ជៀសមិនអោយមានអំពើហិង្សានោះទេ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនេះ អាជ្ញាធរខណ្ឌ បានរៀបចំដោះស្រាយគោលនយោបាយជាដី ផ្ទះ និងថវិកាយ៉ាងច្រើនជូនពួកគាត់ ដើម្បីទៅរស់នៅទីតាំងថ្មី ចម្ងាយប្រមាណ ២គ.ម ពីទីតាំងចាស់ ស្ថិតនៅតាមបណ្តោយផ្លូវ១៥១ ផ្លូវបេតុងធំ ស្ថិតក្នុងភូមិ-សង្កាត់ដដែល។ ផ្តល់ប័ណ្ណកម្មសិទ្ធិប្លង់រឹងស្របច្បាប់ តភ្ជាប់បណ្តាញទឹកស្អាត-អគ្គិសនី ដែលជាការដោះស្រាយគោលនយោបាយដ៏ល្អប្រសើរបំផុត គួរទទួលយក។ ការរស់នៅទីតាំងចាស់ ប្រឈមគ្រោះថ្នាក់ចរាចរណ៍ (ធ្លាប់មានករណីឡានបុកចូលផ្ទះស្លាប់មនុស្ស ២នាក់) អនាម័យបរិស្ថានមិនល្អ ស្អុយឆ្អេះឆ្អាប គ្មានសណ្តាប់ធ្នាប់ គ្មានសុវត្ថិភាព។
គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋជិត ៤០គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅទីតាំងថ្មី តាមការរៀបចំរបស់អាជ្ញាធរ។
តាមរយៈនេះ ក្នុងនាមអ្នកសារព័ត៌មាន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាពិចារណាទទួលយកការដោះស្រាយគោលនយោបាយរបស់អាជ្ញាធរ ដើម្បីចូលរួមអភិវឌ្ឍប្រឡាយទឹក ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា៕