ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដើរលេងទេសចរណ៍បានលើកឡើងថានៅលើសួនច្បារ ត្រូវបានអ្នកមានលុយមានអំណាច ឃុបឃិតគ្នាជាប្រពន្ធ័ យករថយន្ត ម៉ូតូចតនៅលើសួន ដោយមិនខ្វល់ពីការប៉ះពាល់ដល់សណ្តាប់ធ្លាប់សាធារណៈ។ « ចំណតម៉ូតូ និង រថយន្តដែលនៅមុខហាងកាហ្វេរយីហោ(អាម៉ាហ្សូនផ្សារចាស់) ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើយោងតាមអ្នកដើរទេសចរណ៍លើកឡើងថា ការចតម៉ូតូ និងរថយន្ត ទៅចតឬដាក់ផ្ញើលើសួនច្បារនេះ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការដើរលេងកំសាន្តនៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលជាកន្លែងទេសចរណ៍ ប៉ុន្តែអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ក្រុងនិងខេត្ត ហាក់គ្មានវិធានការទប់ស្កាត់ទាល់តែសោះ។ ការផ្ញើម៉ូតូ និងរថយន្តលើសួនច្បារសាធារណៈនេះ ប្រជាពលរដ្ឋដាក់ការ សង្ស័យថាមានការឃុបឃិតគ្នាជាប្រពន្ធ័ និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហើយទើប រលូនបែបនេះនោះ!។
បើតាមការលើកឡើងរបស់លោកតាវ័យចំណាស់ម្នាក់ដែលគ្រប់គ្រងមើលការខុសត្រូវម៉ូតូ រថយន្ត នៅលើសួនសាធារណៈនេះ បានឱ្យដឹងថា កាលដែលគាត់រកសុីផ្ញើម៉ូតូបាននៅលើសួននេះ គាត់បានបង់លុយឱ្យសាលាក្រុង និងស្នងការដ្ឋាននគរបាលក្រុង និងខេត្តសៀមរាបរួចរាល់ហើយ។ ប្រសិនបើ មិនដូច្នោះទេពួកគេនិងរករឿងមិនខានឡើយ។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ធ្វើការសំណូមពរដល់ អាជ្ញាធរភូមិ សង្កាត់ ក្រុង និងខេត្ត មេត្តាជួយពិនិត្យមើល ការផ្ញើម៉ូតូ និងរថយន្តបែបអនាធិបតេយ្យ ចំណុចសួនដើមពោធិ៍ខាងមុខហាងកាហ្វេអាម៉ាហ្សូនផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើចំណត ម៉ូតូ នឹង រថយន្ត ប្រមូលលុយចែកគ្នាចាយយ៉ាងសប្បាយរីករាយ ដោយគ្មានច្បាប់អនុញ្ញាតផងទាន៕
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការបកស្រាយបំភ្លឺ ពីសំណាក់ភាគីពាក់ពន្ធ័ទាំងអស់ រៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់អ្នកសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕