ខេត្តកណ្តាល÷កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។
ប្រភពរាយការណ៍ថា មានថៅកែល្បែងកំពុងតែដើរពង្រាយល្បែងអនឡាញជាច្រើនកន្លែងនៅក្នុងទឹកដីស្រុកស្អាង ខេត្តកណ្ដាល ដូចជា មាន់ជល់អនឡាញ និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រ កំពុងបើកឱ្យក្រុមអ្នកលេងល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះគេសង្កេតឃើញមានយុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជានៅ ភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង,ផ្លូវ បំបែកឃុំទឹកវិល,ភូមិរកាលើ ឃុំត្រើយស្លាជាដើម។ ហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាទៅវិញ។
ប្រជាពលរដ្ឋ ដែលមិនសប្បាយចិត្តដោយសារភូមិ ឃុំ ស្រុក របស់ពួកគាត់ មានទីតាំងល្បែងសុីសងខុសច្បាប់ បានគោរពស្នើសុំ លោក រស់ ចន្ថា អធិការនគបាកស្រុកស្អាង មានចំណាត់ការចំពោះទីតាំងល្បែងស៊ីសងអនឡាញទាំងនេះផង កុំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា លោកមានជាប់ជំពាក់និងផលប្រយោជន៍ណាមួយពីពួកថៅកែម្ចាស់ល្បែងអ៊ីនធឺណិតទាំងនោះ។ ជាពិសេសប្រជាពលរដ្ឋគោរពស្នើសុំលោកស្នងការនគរបាលខេត្តកណ្ដាលមានវិធានការ ប្រកប ដោយប្រសិទ្ធភាពចំពោះល្បែងស៊ីសងតាមអ៊ីនធឺណិតក្នុងមូលដ្ឋានស្រុកស្អាងនោះផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់ភាគីពាក់ពន្ធ័ទាំងអស់ រៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់អ្នកសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕