រាជធានីភ្នំពេញ៖ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាងដឹកនាំក្រុមការងារ ទទួលស្វាគមន៍ និស្សិតនាយទាហានសកម្មជំនាន់ទី២៤ និងយោធាចារ្យ ចំនួន ២២៤នាក់ ដែលមកពីសាលានាយទាហានសកម្ម ដើម្បីចុះកម្មសិក្សាដកបទពិសោធន៍ការងារ នៅអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឱកាសធ្វើកម្មសិក្សានេះ លោកវរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរចនាសម្ព័ន្ធ និងសកម្មភាពការងារ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញជូនដល់ក្រុមនិស្សិតនាយទាហានសកម្មទាំងអស់ និងបាននាំដើរទស្សនាស្វែងយល់តាមបណ្តាការិយាល័យ ដើម្បីទុកជាបទពិសោធន៍សម្រាប់អនុវត្តការងារទៅថ្ងៃអនាគត។
បន្ទាប់ពីដើរទស្សនាស្វែងយល់រួចរាល់ អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំអាហារ និង ភេសជ្ជៈ ជូនដល់ ប្រតិភូដឹកនាំ និងក្រុមនិស្សិតនាយទាហានសកម្មទាំងអស់ ព្រមទាំងបានជូនភ្ជាប់ជាមួយវត្ថុអនុស្សាវរីយ៍ផងដែរ៕