ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
នេះ បានអញ្ចើញជាអធិបតី ក្នុងពិធីសម្ពោធដាក់្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ ឈ្មោះស្ពានជោគជ័យ ប្រវែង៣០ម៉ែត្រ ទទឹង០៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត ដោយមានការចូលរួមពី មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុកកោះធំ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានជោគជ័យ” នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនិង សមិទ្ធផលនានាជាច្រើនទៀត របស់ឃុំលើកដែក ស្រុកកោះធំ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ឱកាសដល់យើងទាំងអស់គ្នាបានជួបជុំគ្នា ទទួលនូវសមិទ្ធផលនានាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន សម្រាប់តភ្ជាប់ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាពខ្ពស់ និងបរិយាប័ន្ន មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ស្ពាននេះគឺមានសារៈសំខាន់ណាស់ គឺបានតភ្ជាប់ចរាចរណ៍ ពីផ្លូវលំក្រាលថ្មមិចជាប់ពីផ្លូវជាតិលេខ២៣ ឆ្លងកាត់ភូមិ ស្ថិតនៅត្រើយខាងកើតស្ទឹង រួមមាន៖ ភូមិពាមផ្ទាលកើត ភូមិឃ្លាំងកើត និងភូមិ ព្រែកខ្នាច រួចតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១១០ ឃុំពោធិបាន ស្រុកកោះធំ ។ ស្ពានមួយនេះគឺបានជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំ និងមកពីក្រៅឃុំ មានភាពងាយស្រួលធ្វើដំណើរឆ្លងកាត់ ទាំងការដឹកជញ្ជូនផលិតផល ដែលផលិតបាននាំយកទៅទីផ្សារក៏មានភាពងាយស្រួល ពិសេសបងប្អូនប្រជាពលរដ្ឋចំនួន ៣ភូមិខាងលើ និងប្អូនៗសិស្សានុសិស្សធ្វើ ដំណើរទៅសាលារៀនបានឆាប់រហ័ស ងាយស្រួល និងសុវត្ថិភាពពោលគឺប្រជាពលរដ្ឋដែលទទួលផលពីស្ពាននេះមានជាអចិន្ត្រៃយ៍ប្រមាណ ៨៥៤គ្រួសារ ស្មើនឹង ៤,២១៧ នាក់។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ទន្ទឹមនិងនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជួយថែរក្សាស្ពានមួយនេះ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែងផងដែរ។