ខេត្តកណ្ដាល៖ អគាររដ្ឋបាលក្រុងអរិយក្សត្រ ទំហំ២៨.២០ម៉ែត្រx១៣.២០ម៉ែត្រ កម្ពស់២ជាន់, អគារសាលប្រជុំ ទំហំ ២០.៥០ម៉ែត្រ x ១៩.៤៥ ម៉ែត្រ កម្ពស់១១.៥២ម៉ែត្រ, អគារការិយាល័យច្រកចេញចូលតែមួយ ទំហំ ២០.២០ម៉ែត្រ X១៥.១០ ម៉ែត្រ កំពស់ ៦ ម៉ែត្រ របស់រដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅភូមិទួលមាស សង្កាត់ អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានបញ្ចុះបឋមសិលាបើការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្ថិតនៅនៅភូមិស្វាយមាស សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលក្រុងអរិយក្សត្រនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់រដ្ឋបាលក្រុង សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា អោយបានទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាល បម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។ ជាមួយគ្នានេះ ក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែល បំពានក្រមសីលធម៌វិជ្ជាជីវៈ ឬ រំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ »។
ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការបើកការរដ្ឋានសាងសង់ អគាររដ្ឋបាល, អគារសាលប្រជុំ និង អគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុងអរិយក្សត្រ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវិស័យរដ្ឋបាល សេដ្ឋកិច្ច-សង្គម មានការវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយអគាររដ្ឋបាល អគារសាលប្រជុំ និងអគារការិយាល័យច្រកចេញចូលតែមួយ គឺជាគម្រោងអាទិភាព ឆ្លើយតបទៅនឹងតម្រូវ ការចាំបាច់របស់រដ្ឋបាលក្រុង ដែលជាទីកន្លែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ផ្នែក គ្រប់ថ្នាក់ បំពេញការងារ ផ្តល់នូវពុទ្ធិ ផ្តល់សេវា ប្រកបដោយសោភ័ណ្ឌភាព ផាសុកភាព សមធម៌ និង បរិយាប័ន្ន ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត។ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ៖ ពិសេស សកម្មភាព លួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ។