កណ្តាល៖ប្រជាពលរដ្ឋជិត៣០០គ្រួសារ សរុបប្រមាណជិត៨០០នាក់រស់នៅ ភូមិវាលធំ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្តាល ទទួលបានលទ្ធផលតេស្តអវិជ្ជមាន covid-19ដំណាក់កាលទី១ បន្ទាប់ពីរកឃើញថាបានប៉ះពាល់ដោយប្រយោលជាមួយអ្នកផ្ទុកវីរុស COVID-19 ក្រោយព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។
លោក យី យ៉េន អភិបាលរងស្រុកល្វាឯម និងជាដំណាងដ៏ខ្ពង់ខ្ពស់ របស់លោក កន សុខកាយ អភិបាលនៃគណៈអភិបាល ស្រុកល្វាឯម មានប្រសាសន៍ប្រាប់ អ្នកសាព័ត៌មានយើង នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២១ ថានៅក្នុងស្រុកល្វាឯមទាំងមូលបានរកឃើញអ្នកផ្ទុក COVID-19 ចំនួន១០នាក់ និងអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលចំនួន១២០៦នាក់ ព្រមទាំងមានមណ្ឌលធ្វើចត្តាឡីស័កចំនួន០២កន្លែង គឺទី១នៅវិទ្យាល័យពាមឧកញ្ញ៉ាអុង និងទី២នៅអនុវិទ្យាល័យ កោះរះ។
លោកបានបញ្ជាក់ផងដែរថាដើម្បីការពារនូវសុវត្ថិភាព ក៏ដូចជាការរីករាលដាលនៃ វីរុស COVID-19 ភូមិវាលធំ គឺត្រូវបានបិទទាំងស្រុងតែម្តង ដោយសារតែ មានប្រជាពលរដ្ឋមួយគ្រួសារ មានផ្ទុកវីរុស COVID-19 ដែលពាក់ព័ន្ធមកពីខេត្តព្រៃវែង ។
តាមវិធានការរបស់លោក កន សុខកាយ អភិបាលស្រុកស្វាឯម និងវិធានការណែរនាំរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងមានការជ្រោមជ្រែងពី ឯកឧត្តម នុត ពុទ្ធតារាអភិបាលរងខេត្តកណ្តាល បានអនុវត្តន៍តាមប្រសាសន៍ណែរនាំរបស់ សម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះអាជ្ញាធរគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ហើយចំពោះអ្នកមានផ្ទុកនូវវីរុស COVID-19 ទាំង១០នាក់និងបានបញ្ជូនទៅធ្វើចត្តាឡីស័កតាមមណ្ឌលដែលបានរៀបចំរួចហើយ។
ចំពោះអ្នកដែលពាក់ព័ន្ធដោយប្រយោលចំនួនជិត៨០០នាក់ដែលទទួលបានលទ្ធផលតេស្តអវិជ្ជមាន covid-19ដំណាក់កាលទី១ អាជ្ញាធរបានអោយពួកគាត់ធ្វើចត្តាឡីស័កក្នុងផ្ទះរៀងៗខ្លួន មិនអោយចេញពីផ្ទះឡើយរងចាំលទ្ធផលធ្វើតេស្តសំណាកជាលើកទី២ និងមានការយាមកាមយ៉ាងយកចិត្តទុកដាក់ពីកងកម្លាំងមានសមត្ថកិច្ចផងដែរ។
ដោយឡែកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងប្រយោលដែលរស់នៅភូមិ អរិយក្សត្រ អាជ្ញាធរបានយកសំណាកទៅពិនិត្យឃើញថាទទួលបានលទ្ធផលតេស្តអវិជ្ជមាន covid-19ដំណាក់កាលទី១ទាំងអស់ហើយពេលនេះកំពុងសម្រាកនៅមណ្ឌលចត្តាឡីស័ក និងរងចាំលទ្ធផលធ្វើតេស្តសំណាកជាលើកទី២ផងដែរ។
ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រមទាំង ថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែលមានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងការអនុវត្តន៍របស់លោក កន សុខកាយ អភិបាលស្រុកល្វាឯម រួមជាមួយមន្ត្រីក្រោមឲវាទបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ម៉ាស់ អាល់កុល ដុំអ៊ីនធឺណេត ទូរទស្សន៍ រួមទាំងថវិការមួយចំនួនដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។
ទន្ទឹមនឹងនេះផងដែរលោក យី យ៉េន អភិបាលរងស្រុកល្វាឯមនិងជាដំណាងដ៏ខ្ពង់ខ្ពស់ របស់លោក កន សុខកាយ អភិបាលនៃគណអភិបាលស្រុកល្វាឯមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមការពារខ្លួន និង គោរពតាមការណែរនាំរបស់ក្រសួងសុខាភិបាល ថែរក្សាអនាម័យក្នុងការរស់នៅ រក្សាគម្លាត ប្រើម៉ាស់ ជែល ឬអាល់កុល មិនចាំបាច់កុំចេញទៅក្រៅ ជាពិសេសធ្វើតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បីកុំ បីអនុវត្តន៍ ដើម្បីកម្ពុជាគ្មាន COVID-19 ។