នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង លោក ថោង សុវណ្ណរិទ្ធ ជាប្រធានគណៈគ្រប់គ្រង សាលាបឋមសិក្សា កែវសុទ្ធ ចាបយិន ប្រទះឡាង បន្ត ដែលស្ថិតក្នុងសង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ឃឹម ស៊ុនសូដា ក៏បានសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងផ្តល់គន្លឹះសំខាន់ៗមួយចំនួនក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើយ៉ាងណាមាន អនាម័យល្អ បរិស្ថានស្អាតក្នុងសាលារៀន អោយមានភាពល្អប្រសើរ ដើម្បីយកទៅប្រកួតប្រជែង ជាមួយសាលារៀនដ៏ទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះផងដែរ លោក ឃឹម ស៊ុនសូដាអភិបាលខណ្ឌកំបូល និងជាតំណាង អោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ក៏បានអំពាវនាវ ដដល់បងប្អូនសប្បុរសជន ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី អ្នកនាងកញ្ញា ពុកម៉ែ បងប្អូន ទាំងក្នុងស្រុក និងក្រៅស្រុក ទាំងអស់ មេត្តាជួយរួមចំណែកថវិកា ដេីម្បី មកជួសជុលអគារ មត្តេយ្យសិក្សាចំនួន ១ខ្នង មាន ២បន្ទប់ ដែលបច្ចុប្បន្ននេះ មានសភាពចាស់ទ្រុឌទ្រោម ដែលធ្វើឱ្យ ប្អូនៗ កុមារា កុមារី មានភាពពិបាកជាខ្លាំង ក្នុងការសិក្សា ដោយ បង្ខំចិត្ត ទៅចូលរួមរៀនជាមួយថ្នាក់ដ៏ទៃទៀត ធ្វើអោយ សិស្សក្នុងថ្នាក់ខ្លះ មានចំនួនច្រើនលើស ចង្អៀតជាខ្លាំង។
ជាចុងក្រោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏ស្នើសុំដល់លោកគ្រូអ្នកគ្រូ គ្រប់សាលារៀនទាំងអស់ សុំខិតខំបន្ថែមទៀត ក្នុងការផ្តល់ចំណេះដឹង ដល់សិស្សានុសិស្ស ប្អូនៗកុមារា កុមារី ដែលរស់នៅក្នុងមូលដ្ឋាន ទឹកដីខណ្ឌកំបូល ក្លាយជាសិស្សដែលរៀនពូកែ ប្រលងជាប់បាននិទ្ទេសល្អ និងក្លាយជាសិស្សពូកែប្រចាំខណ្ឌរបស់លោក៕