លោកជី គឹមហៃ អភិបាលស្រុកស្អាង និងមន្ត្រីសាលាស្រុកស្អាង ចំនួន ៣រូបទៀត ត្រូវបានប្រជាពលរដ្ឋម្នាក់បានប្ដឹងទៅស្ថាប័ន អង្គភាពកំពូលៗចំនួន៥ ពាក់ព័ន្ធរឿងយកប្រាក់ជាង បួនម៉ឺនដុល្លារ កាលពីកំឡុងឆ្នាំ ២០២២ ជាថ្នូរលើសាហុយវាស់វែងដី។
បើតាមលោក រដ្ឋតារា បានប្រាប់អង្គភាពសារព័ត៌មានយើងថា តាមពាក្យបណ្ដឹង ដែលរូបលោកបានប្ដឹងនោះមានឈ្មោះ ទី១ ឈ្មោះ ជី គឹមហៃ មានតួនាទី ជាអភិបាលស្រុកស្អាង ទី២ ឈ្មោះ អេង វណ្ណឌី មានតួនាទី ជាអភិបាលរងស្រុកស្អាង ទី៣ឈ្មោះ ម៉ែន សាមិត្ត ជាមន្ត្រីការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងភូមិបាលស្រុកស្អាង និង ទី៤ឈ្មោះ វ៉ន ចេក ជាមន្ត្រីការិយាល័យរៀបចំដែនដីនគររូបនីកម្ម និងសំណង់និងភូមិបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកបានបន្ដប្រាប់ទៀតថា លោកបានដាក់ពាក្យប្ដឹងចូលស្ថាប័ន ចំនួន ៥ ដើម្បីស្នើសុំអន្តរាគមន៍រកយុត្តិធម៌ជូនរូបលោក មានដូចជា÷ ស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ស្ថាប័ន អយ្យការសាលាដំបូងខេត្តកណ្តាល និងសាលាខេត្តកណ្ដាល ផងដែរ។
បើយោងតាមពាក្យបណ្ដឹងកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២៩២៤ ដែលបានបណ្ដឹងដាក់ចូលទៅស្ថាប័នកំពូលទាំង ៥នោះ គឺបានគោរពជូន ទី១ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទី២ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទី៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីកម្មនិងសំណង់ ទី៤ ឯកឧត្តមព្រះរាជ្ញា នៃអយ្យការសាលាដំបូងខេត្តកណ្តាល និងទី៥ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ។
លិខិតបណ្ដឹងរបស់លោក រដ្ឋតារា ដែលបានដាក់បណ្ដឹង ស្វែងរកកិច្ចអន្តរាគមន៍ និងរកយុត្តិធម៌ ទៅស្ថាប័នកំពូលៗទាំង ៥នោះ គឺបានធ្វើឡើង ដោយយោងលើ មាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយនិងបទ វីតិក្រម មាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិកាលពីឆ្នាំ ២០២២ នៅចំណុចខេត្តកណ្ដាល។
ដែលមានដំណើរអង្គហេតុថា កាលពីកំឡុងឆ្នាំ ២០១៨ ខ្ញុំបាទបានទិញដីមួយកន្លែងទំហំប្រហែលជាង ៥០ ហិចតាស្ថិតនៅភូមិរការក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ក្រោយពេលដែលខ្ញុំបានទិញរួចរាល់។ ខ្ញុំបាទស្នើសុំចុះបញ្ជីនៅរដ្ឋបាលស្រុកស្អាង នៅក្នុងឆ្នាំ ២០២២ ហើយខ្ញុំបាទក៏បានទៅជួបអភិបាលស្រុក ដើម្បីស្នើសុំគាត់ឲ្យធ្វើការវាស់វែងទៅលើដីដែលខ្ញុំបាទបានទិញនៅពេលខ្ញុំបានជួបឈ្មោះ ជី គឹមហៃ ឈ្មោះនេះបានទាមទារប្រាក់ពីខ្ញុំ ដោយប្រើពាក្យថា យកប្រាក់ជាសាហុយដើម្បីធ្វើការវាស់វែងដោយបានទាមទារប្រាក់ពីខ្ញុំបាទសរុបចំនួន ៤៨,០០០ ដុល្លារ ហើយខ្ញុំបាទបានបាញ់លុយតាមប្រតិបត្តិការធនាគារ ABA តែចំនួន ១៨១០០ ដុល្លារ និងប្រាក់សុទ្ធចំនួន ២៩៩០០ ដុល្លារ ខ្ញុំបាទសូមបញ្ជាក់ថា ជំហានទី១ គឺបានទាមទារប្រាក់ពីខ្ញុំបាទចំនួន ១០០០ ដុល្លារ ដោយឈ្មោះជី គឹមហៃ ជាអ្នកយកប្រាក់ផ្ទាល់ពីខ្ញុំបាទ និងជូនកាលក្រុមការងារស្រុករបស់ឈ្មោះជី គឹមហៃ មានឈ្មោះ អេង វណ្ណឌី ជាអភិបាលរងស្រុកជាអ្នកយក ហើយជួនកាលឈ្មោះ ម៉ែន សាមិត្ត ជាអនុប្រធានភូមិបាល ជាអ្នកយក ។ បន្ទាប់ពីយកប្រាក់នេះរួចក្រុមការងារស្រុករបស់ ឈ្មោះ ជី គឹមហៃ គឺមិនបានធ្វើអ្វីទាំងអស់គ្រាន់តែវាស់ហើយចោល ។
នៅក្នុងឆ្នាំ ២០២៣ មានក្រុមវាស់វែងជាប្រព័ន្ធចុះទៅធ្វើ ខ្ញុំបាទក៏សម្រេចឲ្យក្រុមវាស់វែងជាប្រព័ន្ធនោះធ្វើការវាស់វែង ប៉ុន្តែអ្វីដែលជាផលលំបាកនោះគឺក្នុងមួយក្បាលដីគឺមានមនុស្សចំនួន ៤ ទៅ ៥នាក់ស្ថិតនៅលើក្បាលដីតែមួយដោយហេតុថា÷ ឈ្មោះ ជី គឹមហៃ បានបង្កើតជាក្រុមការងារហើយបញ្ជាឲឈ្មោះ វ៉ន ចេក បង្កើតបទល្មើសធ្វើការវាស់វែងឲ្យត្រួតគ្នា និងវាស់ហើយចេញបង្កាន់ដៃលេខក្បាលដី ។
ឈ្មោះជី គឹមហៃ មិនបានយកមន្ត្រីដែលមានសមត្ថកិច្ចក្នុងស្រុកស្អាងនោះទេគឺយកមន្ត្រីផ្សេងមកពីស្រុកអង្គស្នូលមានឈ្មោះ វ៉ន ចេក នោះយកមកវាស់ដីស្ថិតក្នុងស្រុកស្អាងដោយឲ្យវាស់ដីគឺមួយកន្លែងធ្វើឲ្យជាន់បីទៅបួនម្ចាស់ដី និងបានចេញក្បាលដីជាច្រើនដើម្បីទុកលទ្ធភាពនៅពេលដែលវាស់អត់កើត ឈ្មោះ ជី គឹមហៃ ហើយអ្នកពាក់ព័ន្ធអស់នោះមកធ្វើការដោះស្រាយដែលជាចំណុចគាបរកប្រាក់ពីភាគីមួយៗ ។ ការដែលឈ្មោះ វ៉ន ចេក ចេញលេខក្បាលដី ក្នុងមួយកន្លែងៗ ដោយមួយប្លង់ៗ គឺមានលេខក្បាលដីច្រើន ដោយក្រុមនេះបង្កើតឲ្យមានបទល្មើស និងភាពស្មុគស្មាញបង្កឲ្យមានទំនាស់រវាងភាគីក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ក្រុមខ្លួន ។
ជាក់ស្ដែងឈ្មោះទាំងបួននាក់ខាងលើបានទារប្រាក់ពីខ្ញុំនឹងយកប្រាក់ពីខ្ញុំបាទអស់ជាង ៤៨,០០០ ដុល្លារ (បួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) គឺមិនបានធ្វើទៅតាមអំណាច និងសមត្ថកិច្ចដែលខ្លួនមាននោះទេ។ អ្នកទាំងបួនបានដឹងហើយថា អ្វីដែលខ្លួនមិនត្រូវទាមទារតែបុគ្គលទាំងបួននាក់នេះបានទាមទាររហូតពីខ្ញុំដែលច្បាប់បានកំណត់ ហើយទង្វើរបស់បុគ្គលទាំងបួននាក់នេះគឺបានធ្វើឲ្យខូចផលប្រយោជន៍របស់ខ្ញុំបាទ។
បទល្មើសខាងលើបណ្ដាលឲ្យខ្ញុំបាទខាតបង់ប្រាក់អស់ ៤៨,០០០ ដុល្លារ (បួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) នឹងត្រូវខាតបង់ឡើងចុះដើម្បីដោះស្រាយដីខាងលើជាញឹកញាប់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យហ្នឹងសម្រេចចាត់វិធានការតាមផ្លូវច្បាប់ជូនរូបខ្ញុំបាទដោយក្តីអនុគ្រោះ។
សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។
ជុំវិញការណីខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចស្នើសុំការបំភ្លឺពីលោក ជី គឹមហៃ អភិបាល នៃគណៈអភិបាលស្រុកស្អាង និងគ្នីគ្នា របស់លោក ជី គឹមហៃ បាននោះទេ ព្រោះគ្មានលេខទំនាក់ទំនង។
អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺ ពីគ្រប់ភាគី រាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន នៅកម្ពុជា ។គ្រុបព័ត៌មានសាមគ្គីថ្មី