ភ្នំពេញ៖ ក្នុងន័យចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាកាយរិទ្ធិនារីសាខារាជធានីភ្នំពេញ។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់ការរៀបចំពិធីដាំដើមឈើជាទិវាពលកម្មប្រពៃណីជាតិ ឆ្នាំ២០២៤នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ទទួលបានការ ឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញយើង បានដាំដើមឈើ នៅទីតាំងប្រារព្វពិធីមានចំនួន២៦៨ដើម ជាប្រភេទឈើធ្នង់ ក្រៅពីនេះ នៅបានដាំ៣៨៩៣ដើមផ្សេងទៀត នៅតាមបណ្តាទីតាំងជាច្រើន ក្នុងរាជធានីភ្នំពេញ មានដូចជា ៖ ឈើក្រញ៉ូង, នាងនួន, បេង, ធ្នង់, ក្ងោក, ឥន្ទនេល, ច្រេស, សាគូរ៉ា, ត្រយឹង, ចន្ទន៍គ្រឹះស្នា, ម្រះព្រៅភ្នំ, រាំងទឹក, គគីរ, ឈើទាល, ដើមលៀប, ដើមខិតបណ្ណ័, ដើមគ្រាប់បែក និងដើមអំពិលបារាំងជាដើម។
លោកប្រធានមន្ទីរ បានអោយដឹងទៀតថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានចែកកូនឈើចម្រុះដល់អង្គភាព សាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋ យកទៅដាំសរុបចំនួន២៣៥០ដើម។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ ដោយបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវការគ្រប់គ្រងធនធានធម្មជាតិ សំដៅរក្សាតុល្យភាព រវាងការអភិវឌ្ឍន៍ និងការអភិរក្ស ពិសេសលើកកំពស់វិភាគទាន នៃធនធានធម្មជាតិ ក្នុងនោះ យុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ត្រង់ចំណុច បញ្ជកោណទី៤ មុំទី២។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកំណែទម្រង់វិស័យព្រៃឈើ សំដៅឈានទៅរកការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ ប្រកបដោយចីរភាព និងសមធ៌ ស្របតាមកម្មវិធីព្រៃឈើជាតិ ២០១០-២០២៩ ពិសេសតាមរយៈការកំណត់ព្រំប្រទល់ ចំណាត់ថ្នាក់ ការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៍ ការអភិរក្សធនធានព្រៃឈើ និងជីវៈចំរុះ ព្រមទាំងការពង្រឹងការអនុវត្តច្បាប់ ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ។
ពីវេទិការនេះដែរ លោក ឃួង ស្រេង បានអំពាវនាវដល់ព្រៈថេរានុថេត្ថេរៈ គ្រប់ព្រះអង្គ, បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ប្អូនៗយុវជន, យុវនារីទាំងអស់ ត្រូវបន្តគាំទ្រ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីព្រោះថា ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺដើម្បីផលប្រយោជន៍ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា ដូច្នេះយើងត្រូវចូលរួមគាំទ្រឲ្យក្លាយទៅជាមហាចលនាជាតិខ្មែរតែមួយ ដើម្បីអោយសមិទ្ធិផលនេះ លេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ។
នាឱកាសនោះដែរ លោក ឃួង ស្រេង និងលោកស្រី បានអញ្ជើញដាំដើមឈើជានិមិត្តរូប ព្រមទាំងចែកកូនឈើចម្រុះដល់អង្គភាព, អាជ្ញាធរខណ្ឌទាំង១៤ ដើម្បីយកទៅដាំបន្តតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕