ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្ដាល
ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល និងជា អនុប្រធានគណបក្សខេត្ត និងឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលរួមជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី នៅមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ចំនួន២២៣នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។
ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានថ្លែងនូវការអបអរសាទរចំពោះសមាជិក សមាជិកា ដែលត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាថ្ងៃនេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ គឺកើតចេញពីការភ្ញាក់រលឹក ដោយការមើលឃើញជាក់ស្ដែងអំពីអំពើល្អ អំពីគុណបំណាច់ក្នុងការរក្សាសុខសន្តិភាព និងការដាក់ចេញនូវគោលនយោបាយដ៏ល្អក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម គួច ចំរើន បានបញ្ចាក់ថា ការបញ្ចូលសមាជិកគណបក្សថ្មី គឺជាគោលបំណងសំខាន់របស់គណបក្ស ដើម្បីបង្រួបបង្រួមកម្លាំងជាតិពីគ្រប់និន្នាការនយោបាយទាំងអស់ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពាររបបរាជានិយម ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បន្តពង្រឹងការអភិវឌ្ឍប្រទេសជាតិ ឲ្យស្ថិតស្ថេរយូរអង្វែងតរៀងទៅ ។
ឯកឧត្តមបានរំលឹក និងជម្រាបជូនក្មួយៗ យុវជន និងពូមីង ដែលជាសមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃបដិសន្ធិ រហូតមកដល់បច្ចុប្បន្ន ដែលមានអាយុកាល ៧៤ឆ្នាំហើយ គិតមកដល់ឆ្នាំ២០២៤នេះ ហើយគណបក្សប្រជាជនកម្ពុជាគឺមានគុណបំណាច់ធំធេងណាស់ ក្នុងការស្វែងរកសន្តិភាព និងកសាងសេដ្ឋកិច្ចសង្គម ឲ្យមានការរីចម្រើនលើគ្រប់វិស័យ ដោយឈរលើមាគ៌ាគោលនយោបាយ ឈ្នះ-ឈ្នះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត បានស្នើ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបបានបញ្ចូលថ្មី ត្រូវចូលរួមជីវភាពនយោបាយគណបក្ស នៅតាមសាខាគណបក្សនៅមូលដ្ឋាន តាមការចាត់ចែង រៀបចំរបស់គណៈកម្មាធិការគណបក្សក្រុង/ស្រុក ឃុំ/សង្កាត់, ត្រូវខិតខំប្រតិបត្តិឲ្យ បានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងល័ក្ខន្តិកៈរបស់គណបក្ស។ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ការយល់ដឹងអំពីគណបក្សប្រជាជនកម្ពុជា ខិតខំបន្តការឃោសនា អប់រំបងប្អូន កូនចៅ សាច់ញាតិ គាំទ្រនិងចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។