កណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះទៅសួរសុខទុក្ខ និងប្រគល់ផ្ទះ ២ខ្នង ដែលសាខាបានសាងសង់ជូនដល់គ្រួសារក្រីក្រ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ ស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ទៀង សុគន្ធ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរក្រៃលែង។
លោកនាយកបានបន្តទៀរថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទៅ ដោយចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការប្រកាន់នូវពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះលោកនាយកសាខាក៏បានផ្ដាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមថែទាំសុខភាឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ ការហូបស្អាត ការផឹកស្អាតនិងការរស់នៅស្អាតជានិច្ច។
អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវយួរ ទឹកសុទ្ធ១កេះ សម្ភារៈផ្ទះបាយមួយឈុត និងថវិកា៤០ម៉ឺនរៀលផងដែរ។ដោយឡែកប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ទទួលបានបន្ថែមពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅនៅ អង្ករ២៥kg ទឹកត្រី១យួរ និងថវិកា ២០ម៉ឺនរៀលផងដែរ។